រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប

ចែករំលែក៖

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២១ នៅទីស្ដីក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប បានអបអរសារទរនិងគាំទ្រទៅលើសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ដោយមានការបំពេញបន្ថែមនូវធាតុចូលខ្លះៗ។ សេចក្តីព្រាងផែនការមេនេះ មានទស្សនវិស័យនិងគោលបំណងប្រែក្លាយខេត្តកែបឲ្យទៅជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”។

លោកនីផល្លី អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានបានមានប្រសាសន៍ថា ក្នុងបេសកកម្មដើម្បីសម្រេចបាននូវទស្សនវិស័យនិងគោលបំណងអភិវឌ្ឍន៍ខាងលើនេះ នៅក្នុងឯកសារផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបបានដាក់ចេញនូវយុទ្ធសាស្ត្រគោលចំនួន៩ រួមមាន ៤៩យុទ្ធសាស្ត្រ ដោយបែងចែកជា៩៨សកម្មភាព ស្មើនឹង ២៥១ គម្រោង។

ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ គឺឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារនិងលើកស្ទួយនូវវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាគ្រោងជួយជំរុញដល់វិស័យទេសចរណ៍ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។

គួរបញ្ចាក់ផងដែរថា យុទ្ធសាស្ត្រគោលទាំង ៩ នៅក្នុងឯកសារផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបរួមមាន៖

១.យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប

២.យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប

៣.យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍

៤.យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍

៥.យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប

៦.យុទ្ធសាស្រ្តគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យពាក់ព័ន្ធនានាគាំទ្រដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប

៧.យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប

៨.យុទ្ធសាស្រ្តអភិវឌ្ឍន៍នវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប

៩.យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print