ខេត្តស្វាយរៀង៖ វត្តស្វាយជ្រំត្រូវបានប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗនិងនៅក្រៅប្រទេសផងដែរនោះធ្លាប់បានដឹងនិងស្គាល់ដោយសារបារមីព្រះអង្គធំវត្តនេះពូកែស័ក្តិសិទ្ធិខ្លាំងណាស់ ហើយមានភាពល្បីរន្ទឺសុសសាយ។ជារៀងរាល់ថ្ងៃតែងតែមានប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខសប្បាយនិងប្រាថ្នាអ្វីបានដូចបំណង។
បើតាមលោកគ្រូអាចារ្យនាមអិន សន អាយុ៨៨ឆ្នាំបានរៀបរាប់ថា វត្តស្វាយជ្រំគឺជាវត្តដ៏ចំណាស់មួយសម្រាប់ខេត្តស្វាយរៀង ហើយក៏ជាទីកន្លែងមានបារមីពូកែស័ក្តិសិទ្ធិក្នុងការបែបន់សុំសេចក្តីសុខសេចក្តីចម្រើន សុំលាភសំណាងដល់ពលរដ្ឋដែលមានជំនឿជឿជាក់លើបារមីវត្តនេះផងដែរ។
លោកគ្រូអាចារ្យបានបញ្ជាក់ទៀតថាជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋទាំងទីជិតឆ្ងាយបានមកបន់ស្រន់នូវបំណងប្រាថ្នារបស់ពួកគេរៀងៗខ្លួន ក្នុងនោះមានទាំងការសុំឲ្យមានកូន លក់ដីដាច់ ស្បថស្បែជាដើម ហើយការបន់ស្រន់ទាំងនោះអ្នកខ្លះក៏ទទួលបានផលតាមបំណងប្រាថ្នាដែរ ។ ហេតុនេះហើយធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំមានជំនឿជឿជាក់លើបារមីវត្តស្វាយជ្រំនេះ។
បើតាមលោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានប្រាប់អ្នកសារព័ត៏មានឲ្យដឹងថា វត្តស្វាយជ្រំ ស្ថិតនៅភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខាងជើងផ្លូវជាតិលេខ១ មានចម្ងាយពីទីរួមខេត្ត១០គ.ម។ឈ្មោះដើមហៅថា វត្តស្វាយជ្រំ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៧០ ដោយព្រះតេជព្រះគុណព្រះនាម កឹ ជាព្រះគ្រូចៅអធិការដំបូងបំផុត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត។
លោកទីវ សុភាបានបញ្ជាក់ថា ហេតុដែលនាំឲ្យគេហៅថា វត្តស្វាយជ្រំ ដោយសារទីវត្តនេះសំបូរទៅដោយដើមស្វាយ ដែលអ្នកស្រុកដាំជាច្រើនដើម ទើបគេដាក់ឈ្មោះថា វត្តស្វាយជ្រំ រហូតដល់សព្វថ្ងៃ។ វត្តនេះពុទ្ធបរិស័ទជិតឆ្ងាយតែងមានជំនឿស័ក្តិសិទ្ធិចំពោះបារមីព្រះអង្គធំ ក្នុងព្រះវិហារ ដោយមានដំណាលថា មានសម័យថ្ងៃមួយពុទ្ធបរិស័ទបានឃើញព្រះកេសព្រះពុទ្ធបានអណ្តែតបញ្ច្រាសទឹកតាមទន្លេដែលនៅក្បែរទីនោះ ទើបនាំគ្នាស្រង់យកមកតម្កល់ ហើយកសាងវត្តទុកជាទីសក្ការៈមកទល់ពេលបច្ចុប្បន្ន។
លោកបានបន្តថា នៅមុនឆ្នាំ១៩៧៥ វត្តស្វាយជ្រំ ដឹកនាំគ្រប់គ្រងដោយព្រះតេជព្រះគុណ ដុក ផង់ ជាចៅអធិការ និងជាអនុគណស្រុកស្វាយជ្រំ រួមជាមួយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ កសាងបានកុដិថ្ម២ជាន់២ខ្នង កុដិឈើ៤ខ្នង ឧបត្ថម្ភសាលាថ្មជាន់ក្រោម១ខ្នង ព្រះវិហារថ្ម១ខ្នង ហោត្រ័យថ្ម១ខ្នង ស្រះទឹក២ ដាំដើមឈើជាច្រើនដើម ហើយបាននិមន្តយាង សម្តេចព្រះសុមេធាធិបតី ជូន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលផ្សេងៗ។
លោកបានបន្ថែមថា ស្ថានភាពវត្តចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ អារាមនេះត្រូវបានពួក ប៉ុល ពត បំផ្លាញចោលខ្លះ នៅសល់ឧបដ្ឋានសាលាជាន់ក្រោម ហោត្រ័យ១ និងកុដិថ្ម២ជាន់២ខ្នង ដោយកន្លែងនេះជាកន្លែងធ្វើការរបស់អង្គការខ្មែរក្រហម។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញ ទីវត្តស្វាយជ្រំ ត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៨០ ដឹកនាំដោយព្រះភិក្ខុនាម ប្រាជ ឡឹង ជាព្រះគ្រូចៅអធិការ និងជាអតីតអនុគណស្រុកស្វាយជ្រំ ព្រះគ្រូចៅអធិការ ព្រះនាម គង់ ស៊ុំ ព្រះគ្រូចៅអធិការព្រះនាម រស់ ឆុន ព្រះចៅអធិការព្រះនាម សៅភឿន និងព្រះគ្រូចៅអធិការព្រះនាម ញ៉ែម សុភារម្យ ដោយមានការជួយឧបត្ថម្ភពីប្រមុខថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមការងារចុះជួយស្រុកស្វាយជ្រំគ្រប់លំដាប់ថ្នាក់ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានជួយកសាងអភិវឌ្ឍវត្តស្វាយជ្រំឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះផងដែរ៕ យឹម សុថាន