នៅថ្ងៃទី១៤ ខែមករា ទីក្រុងមូស្គូរបស់រុស្ស៊ីនៅតែបន្តរក្សាវិធានការរិឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រហូតដល់ថ្ងៃទី២១ ខែមករា លើកលែងតែសិស្សសាលាប៉ុណ្ណោះ គឺអនុញ្ញាតឲ្យវិលត្រឡប់ទៅរៀនវិញ។
អភិបាលក្រុងមូស្គូ លោកSergei Sobyanin បានបញ្ជាក់ថា មន្ត្រីទទួលខុសត្រូវជួបផលលំបាកជាច្រើន ទើបសម្រេចឲ្យសិស្សឈប់រៀនតាមអនឡាញ ដោយឲ្យទៅរៀនផ្ទាល់នៅក្នុងសាលាវិញ។ លោកSergei Sobyanin បានឲ្យដឹងទៀតថា ការឆ្លងរាលដាលនៅតែកើនឡើងខ្ពស់ ហើយបើនៅក្នុងសាលានោះ បានរកឃើញសិស្សឆ្លងកូវីដ-១៩ម្នាក់គឺសាលាត្រូវបិទជាបន្តទៀត។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក រុស្ស៊ីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី បន្ថែម24.763 នាក់។ដោយឡែកក្នុងទីក្រុងមូស្គូ មានអ្នកឆ្លងដល់ទៅ5.893 នាក់។ ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសរុស្ស៊ីមាន 3.495.816នាក់ ឈរលំដាប់ទី៤លើពិភពលោក។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ ក្នុងប្រទេសរុស្ស៊ីមាន63.940 នាក់ ។
ទីក្រុងមូស្គូ មានពលរដ្ឋសរុប១៣លាននាក់ បានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ។ ពលរដ្ឋនឹងចាក់វ៉ាក់សាំងផលិតក្នុងប្រទេសរុស្ស៊ី គឺវ៉ាក់សាំង Sputnik V ដែលមានប្រសិទ្ធភាពដល់ទៅ៩៥ភាគរយ ។ ទីតាំងចាក់វ៉ាក់សាំង បើកទ្វារចាប់ពីម៉ោង ៨ ដល់ម៉ោង២០យប់ ។ ពលរដ្ឋដែលចង់ចាក់វ៉ាក់សាំង គឺត្រូវចុះឈ្មោះតាមអនឡាញជាមុន៕
រូបភាព៖ baotintuc