ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ខាងមុននេះ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទដែលចាក់ពីអំបោះដោយស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះមានដាក់លក់នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករព្រមទាំងស្ត្រីមេម៉ាយដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ–១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃក្នុងប្រទេសកម្ពុជាផងដែរ។
ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រីដែលមានជីវភាពខ្វះខាតប្រមាណ ២០០ នាក់នៅក្នុង និងជុំវិញរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០០៩។ ស្ត្រីទាំងនោះ ត្រូវបានបណ្តុះបណ្តាលជំនាញចាក់វត្ថុអនុស្សាវរីយ៍ផលិតពីអំបោះដែលមានគុណភាពខ្ពស់ ស្រស់ស្អាត និងទាក់ទាញបំផុត។ ការងារសិប្បកម្មនេះ ផ្តល់ជម្រើស និងឱកាសការងារដើម្បីពួកគេអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគេ។
តុក្កតាខ្លាឃ្មុំតូច (១៦$) និងតុក្កតាខ្លាឃ្មុំធំ (២៣$) ដែលចាក់ពីអំបោះទាំងនេះ មានដាក់លក់រៀងរាល់ថ្ងៃនៅហាងលក់វត្ថុអនុស្សាវរីយ៍(ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ប្រាក់ដែលបានពីការលក់ នឹងត្រូវបញ្ជូនត្រឡប់ទៅសហគ្រាសសង្គម Cambodia Knits វិញដើម្បីជួយដល់ស្ត្រីសិប្បករ និងឧបត្ថម្ភទៅលើការចំណាយផ្សេងៗនៃដំណើរការរបស់សហគ្រាស និងវគ្គបណ្តុះបណ្តាលក្នុងពេលអនាគត។ ស្ត្រីមេម៉ាយនៅក្នុងសហគមន៍ក្រីក្រដែលជួបបញ្ហាហិរញ្ញវត្ថុដែលបង្កពីជំងឺកូវីដ–១៩ ក៏នឹងទទួលបានជំនួយពីការលក់នេះផងដែរ។
លើសពីនេះ ទឹកប្រាក់ ១$ ពីតុក្កតាខ្លាឃ្មុំនីមួយៗដែលត្រូវបានលក់ នឹងឧបត្ថម្ភដល់អង្គការការពារជីវិតសត្វព្រៃដែលមិនរកប្រាក់ចំណេញFree The Bears Cambodia របស់អូស្ត្រាលីដែលបាន និងកំពុងដំណើរការកន្លែងជួយសង្គ្រោះសត្វខ្លាឃ្មុំក្នុងប្រទេសកម្ពុជា។ មានទីតាំងនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅក្នុងខេត្តតាកែវ កន្លែងជួយសង្គ្រោះនេះ ផ្តល់ទីជម្រក ចំណី និងការមើលថែរៀងរាល់ថ្ងៃដល់សត្វខ្លាឃ្មុំប្រមាណ ១២០ ក្បាលដែលត្រូវបានសង្គ្រោះពីការជួញដូរខុសច្បាប់។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “តាមរយៈកម្មវិធី ‘តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម’ ណាហ្គាវើលដ៍ មានគោលបំណងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋដែលពឹងផ្អែកលើសិប្បកម្មនៅក្នុងប្រទេស”។ “ការសហការរបស់យើងជាមួយសហគ្រាសសង្គម Cambodia Knits គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់យើង និងជាផ្នែកមួយនៃការប្តេជ្ញាបន្តបន្ទាប់របស់ណាហ្គាវើលដ៍សំដៅឆ្ពោះទៅរកការឧបត្ថម្ភគាំទ្រដល់សហគមន៍ប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា”។
លោក Pern Chen បានថ្លែងបន្តថា “តុក្កតារូបខ្លាឃ្មុំដ៏ស្រស់ស្អាតទាំងនេះ ត្រូវបានចាក់យ៉ាងផ្ចិតផ្ចង់ចេញពីទឹកចិត្តស្រឡាញ់របស់ស្ត្រីសហគមន៍ដែលភ្ញៀវ និងសាធារណជនអាចជាវយកទៅគេហដ្ឋាន ឬធ្វើជាអនុស្សាវរីយ៍។ ជាមួយនឹងកាយវិការ និងទឹកចិត្តសប្បុរសរបស់ភ្ញៀវដែលជួយទិញតុក្កតាខ្លាឃ្មុំ វានឹងជួយដល់គ្រួសារជាច្រើនដែលកំពុងត្រូវការជំនួយជាពិសេសនៅក្នុងពេលនៃជំងឺកូវីដ–១៩ ដ៏លំបាកនេះ។វាក៏ជាវិធីដ៏ល្អផងដែរដើម្បីជួយដល់ជីវិតសត្វព្រៃដ៏មានតម្លៃរបស់យើងដោយប្រាក់ដែលបានពីការលក់តុក្កតា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចការពារ និងអភិរក្សសត្វខ្លាឃ្មុំកម្ពុជាឲ្យរស់នៅក្នុងជម្រកធម្មជាតិរបស់វា”។
ស្ថាបនិកសហគ្រាសសង្គម Cambodia Knits អ្នកស្រី Monika Nowaczyk បាននិយាយថា “ស្ត្រីមានអំណាច និងអាចចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់ពួកគេបាន។ ពួកគេអាចធ្វើការវិនិយោគប្រាក់ចំណូលរបស់ពួកគេទៅក្នុងវិស័យសុខាភិបាល អប់រំ និងអនាគតរបស់គ្រួសាររបស់ពួកគេ”។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពនៅក្នុងសហគមន៍ជាច្រើន ដូចជា គម្រោង ‘ធីនឆាឡេននៃកម្ពុជា’ ដែលជួយឧបត្ថម្ភដល់យុវជនរងគ្រោះឲ្យកសាងជីវិតរបស់ពួកគេឡើងវិញតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាយោបល់ ជាដើម។ ក្នុងពេលដំណាលគ្នានេះ កម្មវិធីគម្រោង ‘Children@Risk’ ឧបត្ថម្ភដល់សិស្សដែលមានជីវភាពខ្វះខាតឲ្យបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ។
សូមរំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់កាលពីឆ្នាំមុនដែលសរុបមានទឹកប្រាក់ជាង ១១៨.០០០ដុល្លារដើម្បីជួយដល់សហគមន៍ក្រីក្រដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងការរឹតត្បិតដែលបង្កឡើងដោយជំងឺកូវីដ–១៩ ព្រមទាំងចូលរួមជួយដល់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតផងដែរ។ ការឧបត្ថម្ភ រួមមាន ម៉ាស៊ីនធ្វើតេស្តរកមេរោគ ឧបករណ៍ធ្វើតេស្តរកមេរោគ ឧបករណ៍ប្រមូលសំណាកមេរោគ និងកុំព្យូទ័រយួរដៃដល់ក្រសួងសុខាភិបាល និងឧបករណ៍ការពារផ្ទាល់ខ្លួនដល់ស្ថាប័នរដ្ឋដទៃទៀត។ ទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិក ក៏ត្រូវបានឧបត្ថម្ភដល់សាលារាជធានីភ្នំពេញផងដែរដើម្បីយកទិញអង្ករប្រមាណ១០០ តោនសម្រាប់ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ–១៩៕ដោយ៖ស តារា
ចូលរួមគាំទ្រដល់ស្ត្រីសហគមន៍ដែលមានជីវភាពខ្វះខាត និងការអភិរក្សជីវិតសត្វព្រៃក្នុងប្រទេសកម្ពុជាដោយការទិញតុក្កតាខ្លាឃ្មុំដ៏ស្រស់ស្អាតនៅហាងលក់វត្ថុអនុស្សាវរីយ៍របស់ណាហ្គាវើលដ៍។
ណាហ្គាវើលដ៍ សហការជាមួយសហគ្រាសសង្គម Cambodia Knits ដើម្បីជួយដល់ស្ត្រីដែលមានជីវភាពខ្វះខាតទទួលបានប្រាក់ចំណូលតាមរយៈការលក់តុក្កតាខ្លាឃ្មុំ។
ការលក់តុក្កតាខ្លាឃ្មុំ គឺជាវិធីដ៏ល្អមួយដើម្បីជួយរៃអង្គាសប្រាក់សម្រាប់ការការពារ និងអភិរក្សសត្វខ្លាឃ្មុំដែលត្រូវបានសង្គ្រោះពីការជួញដូរខុសច្បាប់ដើម្បីឲ្យពួកវាអាចរស់នៅក្នុងជម្រកធម្មជាតិ។