សហគមន៍អឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនសកម្មជន Alexei Navalny មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ី ក្រោយពេលលោកចុះពីយន្តហោះភ្លាមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី១៧ខែមករា ក្រោយវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញ ។
ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប Charles Michel បានបង្ហោះលើបណ្តាញសង្គម Twitter ថា ការចាប់ខ្លួនលោកAlexei Navalny ពេលវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូគឺជារឿងមិនអាចទទួលយកបានឡើយ ។ ខ្ញុំសូមអំពាវនាវដល់ រដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែងមេបក្សប្រឆាំងជាបន្ទាន់។
ជាមួយគ្នានេះដែរ ប្រទេស Estonia, Lithuania និង Latvia បានចេញសេចក្តីប្រកាសរួម ស្នើឲ្យដោះលែងមេបក្សប្រឆាំង លោក Navalny ជាបន្ទាន់ ហើយក៏បានស្នើដល់សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូផងដែរ។
ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកJake Sullivan បានឲ្យដឹងថា មេបក្សប្រឆាំងរុស្ស៊ីគួរតែត្រូវបានដោះលែងឲ្យមានសេរីភាពជាបន្ទាន់ ។ អ្នកដែលចាប់ខ្លួនមេបក្សប្រឆាំងរុស្ស៊ីត្រូវទទួលខុសត្រូវ ។
យន្តហោះដឹកសកម្មជននយោបាយបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny បានចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិSheremetyevo ក្នុងទីក្រុងមូស្គូនាថ្ងៃទី១៧ ខែ មករា។ លោកត្រូវបានចាប់ខ្លួនក្នុងពេលកំពុងតែពិនិត្យលិខិតឆ្លងដែន ៕ សាធី
រូបភាព៖ RT