គយ និងពន្ធដាររៀបចំប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារនិង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីលោក លោកស្រី និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចម្រុះ និងក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានទាំំងពីរ សរុបប្រមាណ ៥០ នាក់។
អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ៥៦៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសហការនិងសម្របសម្រួលក្នុងការផ្តល់ជូនគ្នាទៅវិញទៅមកនូវព័ត៌មាន និងទិន្នន័យ ដែលអាចបម្រើឱ្យការសិក្សា វិភាគ លើកវិធានការពង្រឹងការគ្រប់គ្រងនិងបង្កើនការប្រមូលចំណូលពន្ធដារ និងចំណូលពន្ធគយ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ក៏ដូចជាចូលរួមពង្រឹងការអនុវត្ត បទបញ្ជារាជរដ្ឋាភិបាលស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និង បង្ក្រាបអំពើគេចវេសពន្ធនានា។
ការដាក់ឱ្យដំណើរការនូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលនេះ បានបង្ហាញពីវឌ្ឍនភាពថ្មីនៃការចាប់យកនូវសក្តានុពល និងកាលានុវត្តនៃបច្ចេកវិទ្យា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័នឱ្យកាន់តែល្អប្រសើរបន្ថែមរវាងអគ្គនាយកដ្ឋានទាំងពីរ លើការចែករំលែកទិន្នន័យតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយធ្វើទំនើបកម្មភាពទាន់សម័យ ទាន់សភាពការណ៍នៃកំណើនសេដ្ឋកិច្ច និងកាន់តែច្បាស់លាស់ នៃព័ត៌មាន ទិន្នន័យ ស្របតាមកម្មវិធីកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល២០១៩- ២០២៣ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញរដ្ឋាភិបាលអេឡិកត្រូនិក (e-Government) និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសជាការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពផងដែរ ទៅនឹងការសម្រួលផ្នែកធុរកិច្ច (ease of doing business) ផង លើកតម្កើងឱ្យមានភាពស្មើគ្នានៃការវិនិយោគផង ព្រមទាំងឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺផ្លូវដង្ហើមបណ្តាលមកពីមេរោគ កូវីដ-១៩ ដែលតម្រូវឱ្យរក្សាគម្លាតសង្គម និងកាត់បន្ថយការជួបជុំគ្នា។
ក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម បានអភិវឌ្ឍ និងរៀបចំលក្ខណៈបច្ចេកទេសរួចរាល់ជាស្ថាពរ ដោយបានដាក់ឱ្យដំណើរការសាកល្បង (Soft Launching) នូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានទាំងពីរ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។មុខងារ សន្ធានកម្មនេះ នឹងអនុញ្ញាតឱ្យអគ្គនាយកដ្ឋានទាំងពីរ អាចទាញយកទិន្នន័យចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ឬអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានស្របតាមតម្រូវការភ្លាមៗ ប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់។ ទិន្នន័យដែលត្រូវចែករំលែកតាមមុខងារសន្ធានកម្មប្រព័ន្ធ ស្វ័យប្រវត្តិកម្ម និងតាមការស្នើសុំ រួមមាន៖
– ព័ត៌មាននៃការចុះបញ្ជីសហគ្រាស
– ព័ត៌មាននៃការប្រកាសសារពើពន្ធ
– ព័ត៌មាននៃការប្រកាសប្រតិវេទន៍ទំនិញនាំចេញ-នាំចូល
– ទិន្នានុប្បវត្តិទិញ-លក់ និង
– ព័ត៌មានចាំបាច់មួយចំនួនទៀត។

មុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះតទៅ។

អង្គពិធីនេះ បានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print