ខេត្តកណ្ដាល៖ ភាគីកូនកំលោះ៤នាក់ និងភាគីកូនក្រមុំ២នាក់ បើកឆាកប្រយុទ្ធផ្អើលពេញរោងការ ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួន។
ករណីហិង្សាដោយចេតនាទៅវិញទៅមកនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០ នាទី ស្ថិតនៅចំណុចក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមាន២ក្រុមរួមមាន៖ ក្រុមទី១ មានគ្នា៤នាក់ (ភាគគីខាង កូន កំលោះ) ទី១–ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ទី២–ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាពូរបស់កូនកំលោះមានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន) ទី៣–ឈ្មោះងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) និងទី៤–ឈ្មោះ អេង រដ្ឋា ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល(ឃាត់ខ្លួន)។
ចំណែកក្រុមទី២ មានគ្នា២នាក់(ភាគគីខាងកូនក្រមុំ) ៖ ទី១–ឈ្មោះ អេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយះត្រង់កខាងឆ្វេង (ឃាត់ខ្លួន) ទី២–ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។ សម្ភារខូចខាត៖ បែកបាក់សម្ភារ កៅអី តុ ចានកែវ ថូផ្កា ។
ប្រភពដដែលបន្តថា កាលពីពេលវេលាម៉ោងកើតហេតុខាងលើ មានកម្មវិធីរៀបមង្គលការមួយ ដោយមានភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា។ លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគគីទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចានកែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនតែម្តង។ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកចាត់ការតាមនីតិវិធីតែម្តង ៕ស្អាងជ័យ