ក្រុមកំាភ្លើងធំ Arsenal នៅក្របខណ្ឌអង់គ្លេសPremier Leagueបានប្រកួតចាញ់ក្រុមBarcelonaដោយលទ្ធផល២-០ក្នុងទឹកដី Emirates របស់ខ្លួននៃកម្មវិធីChampions Leagueវគ្គ១៦ក្រុមចុងក្រោយជើងទី១។
ក្លិបBarcelonaបានដាក់ខ្សែប្រយុទ្ធសំខាន់ទាំងបីរូបតែម្តងដោយមានកីឡាករMessi, Neymar និង Luis Suarez។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្ស៊ង់ទីនMessiជាអ្នកស៊ុតបាល់បញ្ចូលទីបាន២គ្រាប់តែម្នាក់ឯងនៅនាទី៧១និងបាល់ពិន័យ១១ម៉ែត្រនៅនាទី៨៣។
ក្រុមទាំង២នេះនឹងជួបគ្នាក្នុងជើងទី២នៅទឹកដីNou Campប្រទេសអេស្ប៉ាញនៅក្នុងរយះពេល៣សប្តាហ៏ក្រោយ។ចំណែកក្រុមសេះបង្កង់Juventusរបស់អ៊ីតាលីបានប្រកួតស្មើនឹងក្រុមខ្លាំងប្រទេសអាល្លឺម៉ង់Bayern Munichដោយលទ្ធផល២-២។
ក្រុមភ្ញៀវBayern Munichបាននាំមុខមុនដោយកីឡាករ Thomas Mullerនៅនាទី៤៣តង់ទី១ និងកីឡាករហុល្លង់ Arjen Robben នៅនាទី៥៥។ ចំណែកម្ចាស់ផ្ទះសេះបង្កង់បានតាមពីក្រោយមកវិញដោយកីឡាករ Paulo Dybalaនៅនាទី៦៣ និងកីឡាករStefano Sturaroនៅនាទី៧៦។
លោកPep Guardiola គ្រូបង្វឹកក្រុមBayern Munichបានសម្តែងការពេញចិត្តនឹងលទ្ធផលស្មើ២-២នេះ ប៉ុន្តែគាត់បានថ្លែងថាក្រុមរបស់គាត់មានឱកាសច្រើនដោយអាចស៊ុតបាល់យកឈ្នះរហូតដល់ទៅ៧-០ឯណោះ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះបាននិយាយថា “ខ្ញុំពេញចិត្តនឹងការប្រកួតនេះ។ យើងធ្វើបានល្អ៩០នាទីពេញ មិនមែនត្រឹមតែ៦០នាទីទេ។ យើងបានដឹងច្បាស់ហើយថា ក្រុមJuventusនឹងអាចមានឱកាសស៊ុតបញ្ចូលទីផងដែរ។ ប៉ុន្តែប្រសិនបើយើងបានទទួលជ័យជម្នះតែម្តងវាកាន់តែប្រសើរជាងនេះទៅទៀត។ យើងមិនអាចភ្លេចថាក្រុមJuventusគឺជាជើងឯកប្រទេសអ៊ីតាលី ហើយឆ្លងទៅលេងវគ្គផ្តាច់ព្រ័ត្តកាលពីឆ្នាំមុន”។