Leicester City បំបាក់ Chelsea ឡើងឈរកំពូលតារាងបណ្តោះអាសន្ន

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Leicester City បានយកឈ្នះក្រុមភ្ញៀវតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់០ មានឱកាសឡើងឈរកំពូលតារាង Premier League សប្តាហ៍ទី១៩ កាលពីថ្ងៃទី១៩ឈានចូលថ្ងៃទី២០ មករា ឆ្នាំ២០២១។

យោងតាមការចុះផ្សាយរបស់ BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ មករានេះថា ក្រុមម្ចាស់ផ្ទះ Leicester City ធ្វើបានល្អជាង ដោយស៊ុតចំគោលដៅច្រើនជាងក្រុមភ្ញៀវតោខៀវ Chelsea បើទោះបីការគ្រប់គ្រងបាល់របស់ក្រុមភ្ញៀវមានច្រើនជាងរហូតដល់៦៤ភាគរយក៏ដោយ។

ពេលចាប់ផ្តើមប្រកួតក្នុងតង់ទី១ លេងបានតែ៦នាទីប៉ុណ្ណោះកីឡាករ Ndidi របស់ក្រុម Leicester City រកបាន១គ្រាប់នាំមុខ ដែលជាការបញ្ជូនបាល់បានយ៉ាងល្អពីកីឡាករ Barnes។ ចូលដល់នាទីទី៤១ កីឡាករ Maddison មានឱកាសរកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Leicester City យកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់០។

លទ្ធផលនេះធ្វើឲ្យក្រុម Leicester City ឡើងឈរកំពូលតារាងមាន៣៨ពិន្ទុក្នុង១៩ប្រកួត ខណៈដែលក្រុមតោខៀវ Chelsea ក្រោយពីបរាជ័យនេះបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៨ មាន២៩ពិន្ទុ។ ក្រុមទាំង២នឹងត្រូវបំពេញកាតព្វកិច្ចក្នុងការប្រកួត FA Cup ដោយក្រុម Leicester City ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Brentford ខណៈដែលក្រុម Chelsea ត្រូវប៉ះក្រុមភ្ញៀវ Luton Town នៅថ្ងៃទី២៤ មករាដូចគ្នា។

សម្រាប់ការប្រកួតរាត្រីនេះមាន២គូដែរសម្រាប់ក្របខ័ណ្ឌ Premier League គឺក្រុមម្ចាស់ផ្ទះ Manchester City ប៉ះក្រុម Aston Villa វេលាម៉ោង១រំលងអធ្រាត្រ និងក្រុមម្ចាស់ផ្ទះ Fulham ត្រូវប៉ះក្រុមបិសាចក្រហម Manchester United នៅម៉ោង៣និង១៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print