សម្ដេចក្រឡាហោម ស ខេង ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃ ក្រសួងមហាផ្ទៃបានឲ្យដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។

 ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។ 

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោសមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print