ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនជនសង្ស័យ២នាក់រួមជាមួយវត្ថុតាងជាង២គ.ក្រទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយពេលកម្លាំង នគរបាលស្រុកឧដុង្គ សហការជាមួយនគរបាល ឃុំក្រាំងចេក បានឃាត់ខ្លួន កាលពី ថ្ងៃទី១៨ ខែមករា នៅចំណុចផ្ទះទុកចោល មួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំក្រាំងចឹក ស្រុកឧដុង្គ។
មន្រ្តីនគរបាលបង្រ្កាបគ្រឿងញៀនខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុខសញ្ញាដែលឃាត់ខ្លួននេះ រួមមាន ៖ ១.ឈ្មោះ លន់ ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង និង២.ឈ្មោះ ហៀង យូស៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយពីឃាត់ខ្លួនជាក់ស្ដែង បានឆែកឆេរ រកឃើញម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ៣ កញ្ចប់ (តូច ១កញ្ចប់, ធំ ២កញ្ចប់ស្មើជាង២គ.ក្រ) ទូរស័ព្ទដៃ ១ គ្រឿង ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង , ម៉ូតូម៉ាក Suzuki NEX ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ចំនួន ១គ្រឿង និងឧបករណ៍កែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់នេះ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ៖ប្រាថ្នា