រឿងព្រេងខ្មែរ÷ រឿង បុរស​២​នាក់​មាន​គ្រោះ​ថ្នាក់

ចែករំលែក៖

មាននិទានមួយថា  មានបុរស ២ នាក់នៅត្រើយស្ទឹងម្ខាងម្នាក់ ។ បុរសម្នាក់ម្ដាយស្លាប់, បុរសម្នាក់ភ្លើងឆេះផ្ទះ ។ បុរសម្ដាយស្លាប់រត់ទៅរកម្ដាយ, បុរសភ្លើងឆេះផ្ទះ រត់ទៅលត់ភ្លើង ។ ចៅទាំង ២ រត់ទៅប្រទះគ្នាកណ្ដាលស្ពាន ។ ចៅ ១ ថា “ចូរឯងបើកផ្លូវឲ្យអញ ៗប្រញាប់ណាស់ ត្បិតភ្លើងឆេះផ្ទះអញ” ។ ចៅ ១ ថា “ ចូរឯងបើកផ្លូវឲ្យអញ ៗ ក៏ប្រញាប់ដែរ ត្បិតម្ដាយអញស្លាប់ ” ។ ចៅទាំង ២ នាក់ពុំព្រមចៀសគ្នា ហើយប្រចាប់គ្នាធ្លាក់ក្នុងទឹកប្រូងទៅ ទើបនាំគ្នាទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីឲ្យចៅទាំង ២ នាក់នោះពុំបាន ទើបចៅទាំង ២ នាក់ នាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលតាមដំណើរទីទៃៗ ។ ចៅ ១ ក្រាបបង្គំទូលថា “ ភ្លើងឆេះផ្ទះខ្ញុំ ព្រះបាទអម្ចាស់ ៗ រត់ប្រញាប់ទៅលត់ភ្លើង ចៅនេះពុំព្រមចៀស ” ។ ចៅ ១ ទៀតក្រាបបង្គំទូលថា “ ម្ដាយខ្ញុំព្រះបាទអម្ចាស់ស្លាប់ ខ្ញុំព្រះបាទអម្ចាស់រត់ទៅរកម្ដាយ ចៅនេះពុំព្រមចៀស ហេតុនេះទើបខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាក់នាំសេចក្ដីនេះមកក្រាបបង្គំទូលព្រះអង្គ ” ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា ថា “ បុរសដែលម្ដាយស្លាប់នោះ នឹងបង្អង់យូរបន្តិចបានដែរ, ឯបុរសដែលភ្លើងឆេះផ្ទះនោះ នឹងបង្អង់នៅយូរពុំបាន ត្បិតប្រញាប់ទៅលត់ភ្លើង នឹងយករបស់ទ្រព្យចេញពីភ្លើងនោះ ” លុះទ្រង់ព្រះចិន្ដាពិចារណាដូច្នេះហើយ ទើបទ្រង់បង្គាប់ឲ្យបែងទ្រព្យជា ៣ ភាគ ឲ្យចៅដែលម្ដាយស្លាប់នោះសង ១ ភាគ ហើយព្រះអង្គមានព្រះបន្ទូលថា “ ឯចៅម្ដាយស្លាប់ នឹងបង្អង់នៅយូរបន្តិចក៏បាន ព្រោះសេចក្ដីស្លាប់នេះ កុំថាតែមនុស្សលោកនេះឡើយ ទោះទាំងទេវតាឥន្ទព្រហ្មយមយក្សផងក្ដី ក៏តែងស្លាប់ជាធម្មតា ហេតុនេះបានជាទ្រង់កាត់ឲ្យចៅដែលម្ដាយស្លាប់នោះសង ១ ភាគ ។ សេចក្ដីដែលព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅថា សុគតិគមនំហោង ៕

...

ស្រាវជ្រាវពីរឿងព្រេងខ្មែរដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print