ក្រុងប៉ោយប៉ែត៖ ស្រ្តីអាជីវករលក់មាស និងដូរប្រាក់នៅផ្សាររ៉ា ម្នាក់ ត្រូវខ្មាន់កាំភ្លើង២នាក់ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃជិះម៉ូតូមកពាំងពីមុខផ្លូវស្ត្រីរងគ្រោះ ហើយភ្ជង់ប្លន់កាបូបលុយ មាស និងផ្លាកទីន រួចជិះគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៦នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ សយ សុផាត អាយុ៤៥ឆ្នាំ មុខរបរអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សាររ៉ា រស់នៅភូមិ សង្កាត់កើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រូបគាត់ និងកូនតូចម្នាក់បានជិះម៉ូតូចេញពីលំនៅឋានក្នុងគោលបំណងទៅផ្សាររ៉ាដើម្បីប្រកបមុខរបរដូចសព្វដង ។ ប៉ុន្តែ ខណៈជិះម៉ូតូចេញពីផ្ទះបានចម្ងាយប្រមាណ៥០ម៉ែត្រ ស្រាប់តែមានមនុស្ស២នាក់ជិះម៉ូតូ១គ្រឿងមកពាំងពីមុខម៉ូតូរបស់គាត់ឲ្យឈប់ រួចយកកាំភ្លើងខ្លី២ដើមភ្ជង់មកលើរូបគាត់ គំរាម ហើយប្លន់យកកាបូបមាស និងលុយរួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
ស្រ្តីរងគ្រោះអះអាងថា នៅក្នុងកាបូបដែលក្រុមសង្ស័យប្លន់យកទៅនោះ មានខ្សែកផ្លាទីន៣ខ្សែ ខ្សែកមាស៨ខ្សែ លុយបាត១០ម៉ឺនបាត លុយខ្មែរ២លានរៀល លុយដុល្លារ១ពាន់ដុល្លារ និងក្រវិលដាំត្បូង៣០គូ ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបាននិងដុតដៃដុតជើងតាមប្រមាញជនសង្ស័យ ៕
ដោយ៖ វណ្ណា