ខេត្តកណ្តាល៖ សមត្ថកិច្ចចម្រុះស្រុកមុខកំពូលចុះបង្ក្រាបទីតាំងស្រះចិញ្ចឹមត្រីឆ្តោរនៅឃុំស្វាយអំពា២កន្លែងរិបអូសកូនត្រីឆ្តោចំនួន១៧៧០០ក្បាល ។
ក្នុងករណីចុះបង្ក្រាបនេះ ដឹកនាំដោយលោកឆាយ សុខណា អភិបាលរងស្រុកមុខកំពូលកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពង់ប្រាសាទ ឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះក្នុងប្រត្តិបត្តការនោះនិយាយថា ម្ចាស់ស្រះទាំងពីរកន្លែងនេះមានឈ្មោះ អ៊ុំ សុកំ អាយុ៥២ឆ្នាំ ស្នាក់នៅបច្ចុប្បន្នទីក្រុងភ្នំពេញ ប៉ុន្តែមិនត្រូវបានឃាត់ខ្លួននោះទេ ដោយម្ចាស់ស្រះជួលកម្មករឲ្យមើលការខុសត្រូវ ហើយកម្មករគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ក៏បានគេចខ្លួនបាត់អស់ សមត្ថកិច្ចបានត្រឹមរិបអូសកូនត្រីដែនៅក្នុងបែរចំនួន១៧៧០០ក្បាល ដែលកម្មកររៀបបម្រុងនឹងលែចូលទៅក្នុងស្រះ ។
លោក ប៉ីវ ផល្លី នាយសង្កាត់នេសាទប្រចាំស្រុកមុខកំពូលបានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័ថា ស្រះពីរកន្លែងនេះ លោកបានស៊ើបជាយូរមកហើយ តែម្ចាស់ស្រះមិនទាន់បានធ្វើសកម្មភាពចិញ្ចឹមត្រីខុសច្បាប់ ទើបពេលនេះពួកគេបានចាប់ផ្តើមកម្រើកចិញ្ចឹមត្រីជាច្រើនកន្លែង ។
លោកប៉ីវ ផល្លី បានបញ្ជាក់ថា មានស្រះចិញ្ចឹមត្រីនៅក្នុងឃុំស្វាយអំពា មានច្រើកន្លែង ដូចជាស្រះ លោកសៅ សំណាង ស្រះលោកប៉ាង សុធា តែស្រះទាំងនោះលោកបានហៅម្ចាស់មកណែនាំកុំឲ្យម្ចាស់ចិញ្ចឹមត្រីឆ្តោដែលស៊ីកូនត្រីជាអាហារ បើត្រីផ្សេងៗ លោកថាអាចចិញ្ចឹមបាន ។
បន្ទាប់មក កូនត្រីដែលសមត្ថកិច្ចរិបអូសបានត្រូវយកកំទេចចោលមិនឲ្យលែងក្នុងស្រះទៀតទេ ៕
ដោយ៖ ឡូ សំ អាត