Update, ជនដៃដល់ ជាខ្មាន់កាំភ្លើងបាញ់ប្រហារជនជាតិចិនម្នាក់ បណ្ដាលឲ្យស្លាប់ នៅក្រុងព្រះសីហនុ សមត្ថកិច្ចកំពុងតាមប្រមាញ់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ មានខ្មាន់កាំភ្លើងដែលសង្ស័យថា ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរស ជនជាតិចិនម្នាក់ដូចគ្នា បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានឲ្យដឹងនៅមុននេះបន្ដិចថា, ក្រោយកើតហេតុ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌភ្លាមៗ ពិសេសកម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមឃាត់ជនបង្ក ដែលធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃនេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងទៀតថា, ជនដៃដល់ជាខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបានជិះរថយន្ដមួយ ហើយស្រាប់តែយកទៅផ្លុងរថយន្ដនោះចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថាកម្លាំងជំនាញកំពុងតាមឃាត់ខ្លួន។
លោកស្នងការបញ្ជាក់ថា, ខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។

បើតាម លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីឃាត់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ថា ដើមចមដែលនាំឲ្យមានអំពើបាញ់ប្រហារទាំងព្រឹកព្រលឹមនេះ បណ្ដាលមកពីមូលហេតុអ្វីនោះឡើយទេ។
សូមរំលឹកផងដែរថា, ការបាញ់ប្រហារគ្នា នឹងការប្រើអំពើហិង្សា បានកើតឡើងជាញឹកញាប់នៅខេត្តព្រះសីហនុ ជាពិសេសបង្កឡើងដោយជនជាតិចិន ។ ពួកគេថែមទាំងមាននូវកាំភ្លើងប្រើប្រាស់ ដែលគេដាក់ភាពសង្ស័យថា អាចនឹងមានអ្នកធំណាមួយ នៅពីក្រោយខ្នង របស់ពួកទាំងនេះ ឬជាប់ពាក់ព័ន្ធក្នុងការរកស៊ីជាមួយគ្នា។ ដូច្នេះដើម្បីលុបបំបាត់នូវបទល្មើសទាំងនេះ ចៀសវាងកើតមានក្នុងសង្គម គួរតែអាជ្ញាធរ សមត្ថកិច្ច ធ្វើស្ថិតិ ចុះរដ្ឋបាល អោយបានញឹកញាប់ ទើបអាចកាត់បន្ថយបទល្មើសបាន។
ជុំវិញករណីខ្មាន់កាំភ្លើងបាញ់ខាងលើនេះ បើតាមការអះអាង របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា, នៅពេលនេះកម្លាំងកំពុងតែក្តោបមុខសញ្ញា និងតាមប្រមាញ់ ឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

...

 

ដោយ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print