ខេត្តសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះថា មានករណីខ្មាន់កាំភ្លើងម្នាក់ ដែលសង្ស័យថាជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករានេះ នៅក្នុងមុខកាស៉ីណូ “ជីយវនីសិន “ស្ថិតក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា ក្រោយកើតហេតុភ្លាមៗ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្ដរាគមន៍ពិសេស ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនបង្ក។
លោកស្នងការខេត្ត បន្ថែមទៀតថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។ ចំណែកខ្មាន់កាំភ្លើងក្រោយធ្វើសកម្មភាពរួចបានជិះរថយន្ដមួយ ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413 យកទៅផ្លុងចោលនៅជិតផ្សារដំរី៥ ហេីយចុះរត់គេចខ្លួនបាត់ បន្ទាប់ពីដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមិនទាន់អាចបញ្ជាក់ថា ដើមចមដែលនាំឲ្យមានអំពើបាញ់សម្លាប់មនុស្សទាំងព្រឹកនេះ មូលហេតុអ្វីនោះឡើយ“។ ប៉ុន្តែលោកបញ្ជាឲ្យកម្លាំងជំនាញ តាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
ដោយឡែកលោកវរសេនីយ៍ឯក លី សុខហុី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ ក៏បានប្រាប់នៅថ្ងៃទី២១ខែមករា ឆ្នាំ២០២១នេះដែរថា ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស៤ទៅ៥នាក់ ដែលសង្ស័យយកមកសួរនាំផងដែរ។ប៉ុន្តែពួកគេមិនមែនជាជនដៃដល់នោះទេ៕ដោយ៖ ឆ្លាមសមុទ្រ