ភ្នំពេញ ៖ បុរសម្នាក់និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីរ បានបេីករថយន្តឡិចសុីស LX.470 ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសណ្ដោងរុឺម៉កបេីកបរដោយយុវជនម្នាក់ និងមានមនុស្សប្រុសស្រី៤នាក់ទៀតរួមដំណេីរជាមួយ បានមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរ ដែលគ្មានអ្នករងរបួសឬស្លាប់ក្នុងហេតុការណ៍នេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅចំណុចស្តុបផ្សារដេីមគ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសម្ដីយុវជនម្នាក់ដែលជាអ្នកបេីកម៉ូតូសណ្ដោងរុឺម៉កបានប្រាប់ថា រូបគេមានគ្នាប្រុសស្រី៥នាក់បានបេីករុឺម៉កម៉ូតូដឹកគ្នាមកផ្សារដេីមគដេីម្បីទិញអីវ៉ាន់ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជេីងទៅត្បូងដោយប្រើល្បឿនមធ្យម ខណៈមកដល់ស្តុបផ្សារដេីមគដែលជាចំណុចកេីតហេតុ ស្រាប់តែមានរថយន្ត LEXUS LX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-2385 ដែលបេីកបរដោយបុរសម្នាក់ទំនងជាស្រវឹង និងស្ត្រីម្នាក់រួមដំណេីរជាមួយ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជេីង ពេលបើកមកដល់ស្តុបក៏បត់ឆ្វេងទៅផ្លូវ៣៣៦ទាំងមិនប្រយ័ត្នធ្វេីឲ្យគាត់ជាភាគីម៉ូតូសណ្ដោងរុឺម៉កចាប់ហ្វ្រ័ងមិនទាន់ក៏បុករថយន្តLEXUS LX470ពីចំហៀងពេញទំហឹង បណ្ដាលឲ្យខូចខាតទ្វារចំហៀងខាងស្ដាំតិចតួច ។ ចំណែករូបគាត់ភាគីខាងម៉ូតូសណ្ដោងរុឺម៉កបានបាក់កម៉ូតូនិងដាច់ចេញពីរុឺម៉ករងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡេីយ ។
ក្រោយកេីតហតុភ្លាមៗ ភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន រហូតសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកចុះមកដល់ ទេីបភាគីខាងរថយន្ត LEXUSLX470 ព្រមសងថ្លៃខូចខាតចំនួន១៥០ដុល្លារឲ្យទៅភាគីខាងម៉ូតូសណ្ដោងរុឺម៉កដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងមិនចង់រំខានដល់សមត្ថកិច្ច ៕
ដោយ ៖ ភារ៉ា ដង្កោ