ជនរងគ្រោះបានស្លាប់ហើយ និង គ្មានសំណងមួយរៀល ខណៈជនបង្ក លោក គឹម សារិទ្ធ បន្តរស់នៅក្រៅ សំណាញ់ច្បាប់

ចែករំលែក៖

ខេត្តតាកែវ៖ នេះជាអំពើដ៏អយុត្តិធម៌មួយ កើតមាននៅក្នុងសង្គម ខណៈមន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ ហាក់ស្ទាក់ស្ទើរក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ ពេលនេះ ជនរងគ្រោះឈ្មោះ ភឹម វី រស់នៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខនិង បក្ខពួក បានស្លាប់បាត់ហើយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ម្សិលមុិញនេះ នៅឡើយក្រុមជនបង្កកំពុងបន្តរស់នៅក្រៅសំណាញ់ច្បាប់។

លោកស្រី យឹម ជ្រឿន ភរិយានៃសព ថ្លែងប្រាប់សារព័ត៌មាន ថា  ប្តីលោកស្រីបានស្លាប់ហើយ ដោយសារតែទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ ខណៈមកទល់ពេលនេះ មិនទាន់ទទួលបានសំណងសូម្បីមួយរៀល ។ ភរិយានៃសព កំពុងរង់ចាំនូវយុត្តិធម៌ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តែម្តង។ 

ដោយឡែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្លែងប្រាប់សារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា  លោកបានបញ្ជាអោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវករណីនេះហើយ ។

ទោះជាអំពើហិង្សានេះត្រូវបានប្រព្រឹត្តដោយលោក គឹម សារិទ្ធ ក៏ជនបង្កព្យាយាមបដិសេធចំពោះសកម្មភាពដែលខ្លួនប្រព្រឹត្ត។ ក្នុងនោះថ្មីៗនេះ លោក គឹម សារិទ្ធ បានបកស្រាយ ថា លោកមិនបានប្រើអំពើហិង្សាលើជនរងគ្រោះ នោះទេ ពោលគឺ នេះជាឧបទ្ទហេតុនៃទូកបុកគ្នា ។

ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចកោះ អញ្ចាញ ក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា តំណាងអយ្យការ និងចាត់ការក្នុងរឿងបទឧក្រិដ្ឋនេះ ផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ៕

   

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print