ពលករ១៣៥នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញបន្ទាប់ពីធ្វើចត្តាឡីស័ករកមេរោគCovid-19មានភាពអវិជ្ជមាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករ១៣៥នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានតាមបណ្តាស្រុកនិងខេត្តនានា នៅថ្ងៃទី២២ មករា២០២១ នេះក្រោយពីពិនិត្យសំណាកមេរោគCovid-19លើក ទីពីរអវិជ្ជមាន។

​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត បានចុះពិនិត្យនិងរៀបចំចាត់ចែងក្នុងការដឹកជញ្ជូនបងប្អូនពលករខ្មែរមកពីប្រទេសថៃ ក្រោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ (លទ្ធផលធ្វើការពិនិត្យសំណាកចំនួន២លើក អវិជ្ជមាន )ឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានតាមបណ្តាស្រុកនិងខេត្តនានាតាមរថយន្តដឹកជញ្ជូនរបស់កងទ័ពនៅថ្ងៃទី២២ខែមករា ឆ្នាំ២០២១នេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា ពលករខ្មែរដែលមកពីប្រទេសថៃទាំង១៣៥នាក់ ស្រី ៧០នាក់ បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។បងប្អូនពលករទាំង១៣៥នាក់នេះ ក្រោយពីពិនិត្យសំណាកចំនួន០២លើក ឃើញថា​មិនមានឆ្លងមេរោគកូវីដ-១៩ គឺអវិជ្ជមាន ទើបអនុញ្ញាតឲ្យពួកគាត់បានត្រឡប់ទៅលំនៅដ្ឋានវិញ តាមបណ្តាស្រុក និងខេត្តនានា នាថ្ងៃទី២២មករានេះ ដោយដឹកជញ្ជូនតាមរថយន្តរបស់កងទ័ព ។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានអំពាវនាវនិងផ្តាំផ្ញើដល់បងប្អូនពលករដែលបានវិលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។សូមកុំភ្លេចថា យើងអាចភ្លេចកូវីដ តែកូវីដវាមិនភ្លេចយើងនោះទេ ៕

      

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print