បើករថយន្តកុងតឺន័រលឿនដល់ផ្លូវកោងខំប្រឹងបួងចង្កូតក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿន ពេលមកដល់ផ្លូវកោងខំប្រឹងបួងចង្កូតធ្វើឱ្យក្រឡាប់ដាច់រឺុម៉កសណ្តោងធ្លាក់ទូកុងតឺន័រមកក្រោម តែសំណាងល្អមិនបង្កឲ្យមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវ លេខ១៩២ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកFUSOក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3AF-0141ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ១៨២ ជាផ្លូវកោង អ្នកបើកខំប្រឹងបួងចង្កូតមកខាងឆ្វេងដៃធ្វើឱ្យដាច់រុឺម៉កក្រោយក្រឡាប់ធ្លាក់ទូកុងតឺន័រមកក្រោមសង្កត់លើស្លាកសញ្ញាចរាចរណ៍មួយដើមនិងខូចខាតផ្លូវថ្នល់បន្តិចបន្តួច។ភ្លាមនោះតៃកុងរថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print