នៅថ្ងៃទី២២ ខែមករា មន្ត្រីអាមេរិក បានឲ្យដឹងថា មានកម្លាំងទាហាន ការពារជាតិប្រមាណជិត២០០នាក់បានឆ្លងកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន ធានាសន្តិសុខដល់ពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន ។ កម្លាំងទាហាន ដល់ទៅ២៥ពាន់នាក់បានមកកាន់ទីក្រុង វ៉ាស៊ីនតោនក្នុងរយៈពេលជាង១សប្តាហ៍ដើម្បីការពារសន្តិសុខ។ ចំណែកទាហាន ៧០០០នាក់ទៀតនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅចុងខែមករា។
នៅពេលនេះដែរ ស្ត្រីទីមួយរបស់អាមេរិក គឺលោកស្រី Jill Biden ភរិយាប្រធានាធិបតីបៃឌិន បានទៅសួរសុខទុក្ខកម្លាំងទាហានការពារ ដើម្បីថ្លែងអំណរគុណដល់ទាហានដែលបានការពារសន្តិសុខជូនពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មី។ លោកស្រីក៏បាននាំយកកាដូ មានទាំងនំសូកូឡា ចែកជូនទាហានផងដែរ។
លោកស្រី Jill Biden បានលើកឡើងថា «ខ្ញុំចង់និយាយពាក្យអរគុណពីប្រធានាធិបតី បៃឌិន ដល់កម្លាំងទាហានដែលការពារនៅជុំវិញវិមានកាពីតូល»។
លោកស្រីJill Biden បានលើកឡើងទៀតថា កូនប្រុសដែលស្លាប់របស់លោកស្រី គឺ Beau Biden ជាសមាជិកកម្លាំងទាហានការពារជាតិប្រចាំរដ្ឋ Delaware ធ្លាប់បំពេញបេសកកម្មនៅប្រទសអុីរ៉ាក់រយៈពេល១ឆ្នាំ ។ កូនប្រុសBeau Biden បានស្លាប់ដោយសារតែមហារីកខួរក្បាលនៅឆ្នាំ២០១៥ ក្នុងអាយុ៤៦ឆ្នាំ ។
លោកស្រីបញ្ជាក់ថា «ខ្ញុំគឺជាអ្នកម្តាយម្នាក់របស់ទាហានការពារជាតិ ខ្ញុំសូមអរគុណដល់កម្លាំងទាហានការពារដែលបានបំពេញភារកិច្ចយ៉ាងល្អ៕ ដោយ៖ធី រីណា
រូបភាព៖AP