ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២២ខែមករា បានបោះឆ្នោតអនុម័តបេក្ខភាពរដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្មី ដែលលោកបៃឌិនបានជ្រើសរើស គឺលោក Lloyd Austin ។
អតីតមេទ័ពផ្កាយ៤ Lloyd Austin ទទួលបានការគាំទ្រខ្ពស់ក្នុងព្រឹទ្ធសភា គឺមានដល់ទៅ៩៣ សំឡេងគាំទ្រ ចំណែកប្រឆាំងមានតែ៧សំឡេងប៉ុណ្ណោះ។ ដូច្នេះលោកLloyd Austin ក្លាយជារដ្ឋមន្ត្រីការពារជាតិស្បែកខ្មៅដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោកLloyd Austin ទទួលបានការលើកលែងទៅតាមច្បាប់កំណត់របស់ក្រសួងការពារជាតិ។តាមច្បាប់ អ្នកដែលក្លាយជារដ្ឋមន្ត្រីការពារជាតិចាំបាច់គឺត្រូវតែចូលនិវត្តន៍យ៉ាងតិច៧ឆ្នាំ ទើបអាចកាន់តំណែងនេះបាន។
ប៉ុន្តែលោក Lloyd Austin ទើបតែចូលនិវត្តន៍នៅឆ្នាំ២០១៦ ហើយការអនុញ្ញាតឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជាការផ្តល់អាទិភាពដើម្បីកាន់តំណែងរដ្ឋមន្ត្រីការពារជាតិទី២៨របស់អាមេរិក។ ចំណុចដែលគេចាប់អារម្មណ៍បំផុតនោះគឺលោកជាជនជាតិស្បែកខ្មៅ ។
លោក Lloyd Austin កើតនៅទីក្រុង Alabama ត្រូវបានប្រធានាធិបតី បៃឌិន សរសើរថាជាមនុស្សស្មោះត្រង់ មានសមត្ថភាព សមជាអ្នកដឹកនាំមន្ទីរបញ្ចកោណ។
លោកបៃឌិនបានបញ្ជាក់ទៀតថា លោក Lloyd Austin មានចំណេះដឹងខ្ពស់ក្នុងវិស័យការពារជាតិ ហើយលោកស័ក្តិសម នឹងកាន់តំណែងដ៏សំខាន់មួយនេះ ក្នុងពេលអាមេរិកកំពុងប្រឈមនឹងឧបសគ្គជាច្រើន ៕ ដោយ សាធី
រូបភាព៖Reuters