ព្រះរាជអាជ្ញារងហ៊ឹង ប៊ុនថន ចេញដីកាសន្និដ្ឋានបញ្ជូនឱ្យស៊ើបសួរក្នុងសំណុំរឿងដដែល ដែលសាលាដំបូង​និងសាលាឧទ្ធរណ៍បានតំកល់ឥតចាត់ការករណីបណ្ដឹងដីធ្លីគ្មានបណ្ណកម្មសិទ្ធិរបស់ឈ្មោះម៉ក់ ពៅ

ចែករំលែក៖

ភ្នំពេញ៖ លោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរងនូវការចោទ​ប្រកាន់ពីម្ចាស់បណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុស្របច្បាប់លេខភព០២៦៧៩ បន្ទាប់ពីតំណាងអយ្យការរូបនេះ បានចេញដីកាសន្និដ្ឋាន បញ្ជូនឱ្យស៊ើបសួរតាមបណ្ដឹងរបស់ឈ្មោះម៉ក់ ពៅ ក្នុងសំណុំរឿងដដែល ដែលសាលាដំបូង និងសាលាឧទ្ធរណ៍ បានតម្កល់ទុកឥតចាត់ការ ប្រមាណ៥ឆ្នាំមកនោះ។

លោកលឹម ហុង ​ជាម្ចាស់កម្មសិទ្ធិ ដីស្របច្បាប់បានប្រាប់ឱ្យដឹងថា កន្លងទៅឈ្មោះម៉ក់ ពៅ​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ បានប្ដឹងរូបលោកពីបទ “រំលោភកម្មសិទ្ធិ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ទៅលើដីមួយកន្លែង ស្ថិតនៅផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ប៉ុន្តែបណ្ដឹងនេះ ត្រូវបានលោកហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការតម្កល់រឿង ទុកឥតចាត់ការ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១០។”

លោកបន្ដថា បើទោះជា តំណាយអយ្យការចេញដីកា តម្កល់រឿងទុកឥតចាត់ការក៏ដោយ ភាគីម៉ក់ ពៅ ក៏បានប្ដឹងទៅសាលាឧទ្ធរណ៍ ប៉ុន្តែលោកអ៊ុក​ សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យកាសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១០ ក៏បានចេញសេចក្ដីសម្រេចតម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការ បន្ទាប់ពីយល់ឃើញថា គ្មានភស្ដុតាងគ្រប់គ្រាន់ សម្រាប់ចោទប្ដឹង ឈ្មោះលោក “លឹម ហុង” ពី “បទរំលោភកម្មសិទ្ធិ និងបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ​អ្នកដ៏ទៃ”ឡើយ។ ផ្ទុយទៅវិញថ្មីៗនេះ បែរជាឈ្មោះម៉ក់ ពៅ បានប្ដឹងរូបលោកម្ដងទៀត ក្នុងសំណុំរឿង​អង្គហេតុ​ដដែល ទីតាំងដដែល គ្រាន់តែប្ដូរឈ្មោះបទល្មើស ពី”បទរំលោភកម្មសិទ្ធិ និងបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ​អ្នកដ៏ទៃ” មកជា បទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត និងសមគំនិតក្នុងអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត។

មន្រ្ដីភូមិបាលបាននិយាយថា កន្លងទៅឈ្មោះម៉ក់ ពៅ មិនមានបណ្ណកម្មសិទ្ធិគ្រប់គ្រងស្របច្បាប់ណាមួយ ទៅលើទីតាំងដី ដែលប្ដឹងភាគីលឹម ហុងនោះទេ ក្នុងនោះពេលតុលាការបានបើកការស៊ើបអង្កេតរហូតដល់សួរនាំ​មកខាងជំនាញ និងអាជ្ញាធរដែនដី ក៏ធ្លាប់បានឆ្លើយបំភ្លឺ ទៅកាន់សាលាដំបូង តាមគំនូសគូរដោយឈ្មោះម៉ក់ ពៅ ដែលចាតុទុកថា​ ជាលិខិតស្របច្បាប់ គឺជា គំនូសគូរដោយឈ្មោះម៉ក់ ពៅ គ្មានអាជ្ញាធរ និងជំនាញដឹងឮ។

មន្រ្ដីដដែលនេះបន្ដថា​ សាលាដំបូងកន្លងទៅ បានពិចារណាទៅលើអង្គហេតុ យល់ឃើញថា គ្មានតាមបញ្ញត្តិ​មាត្រា​២៥៣ នៃច្បាប់ភូមិបាល និងមាត្រា២៥ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ក៏បានតម្កល់ សំណុំរឿងព្រហ្មទណ្ឌលេខ ២០៥ របស់ឈ្មោះម៉ក់ ពៅ ទុកឥតចាត់ការ។

តាមពិតទៅ ឈ្មោះម៉ក់ ពៅ ពេលដែលប្ដឹងមកលើឈ្មោះលឹម ហុង គ្រាន់តែប្រើប្រាស់ ទៅលើលិខិតគូសវាស់​វែង ដែលខ្លួនធ្វើដោយខ្លួនឯង គ្មានបណ្ណកម្មសិទ្ធិប៉ុណ្ណោះ ទើបសាលាដំបូង ក៏ដូចជាសាលាឧទ្ធរណ៍តម្កល់ទុកឥតចាត់​ការ ពីព្រោះ ឈ្មោះម៉ក់ ពៅ កន្លងទៅគ្រាន់តែជាអ្នកមករស់នៅ នៅលើដី ចិញ្ចើមផ្លូវ គ្មានកម្មសិទ្ធិស្របច្បាប់ ក្រោយមក រដ្ឋអំណាច ក៏បានរៀបចំធ្វើសណ្ដាប់ធ្នាប់ផ្លូវសាធរណៈ ទីតាំងដែលឈ្មោះម៉ក់ ពៅរស់នៅ បានក្លាយទៅជាចំណីផ្លូវ សាធារណៈ ប៉ុន្តែ គាត់មកប្ដឹងឈ្មោះលឹម ហុង ជាម្ចាស់កម្មសិទ្ធស្របច្បាប់ ដែលមិនពាក់ព័ន្ធជាមួយនឹងទីតាំង ដីចំណីផ្លូវ ដែលឈ្មោះម៉ក់ ពៅ រស់នៅនោះទេ។

ម្ចាស់កម្មសិទ្ធិ ស្របច្បាប់បាននិយាយដោយ ការហួសចិត្តថា មិនដឹងជាឈ្មោះម៉ក់ ពៅ យល់ឃើញបែបណា និងមានអ្នកចេញមុខ ខាងជួញក្ដីរឿងដីធ្លី ដើម្បីសម្លឹងរកប្រយោជន៍ បែរជារៀបចំពាក្យបណ្ដឹងសារជាថ្មីឡើងវិញ ក្នុងអង្គហេតុដដែល ទីតាំងដដែល អ្នកប្ដឹងដដែល ឈានដល់តំណាងអយ្យការ លោកហ៊ឹង ប៊ុនថន ចេញសេចក្ដីសន្និដ្ឋាន បញ្ជូនឱ្យស៊ើបសួ ទៅចៅក្រមស៊ើបសួរ លោកស្រីពេជ្រ ម៉ារ៉ែន បន្តតាមនីតិវិធី។

បើទោះជាមាន ការចោទប្រកាន់ក្នុងអង្គហេតុ ដដែលនេះក៏ដោយ ម្ចាស់កម្មសិទ្ធដីស្របច្បាប់លោកលឹម ហុង បញ្ជាក់ថា ចៅក្រមស៊ើបសួរ អាចនឹងធ្វើការពិចារណាក្នុងអង្គហេតុខាងលើនេះ ដើម្បីលើកលែងការចោទប្រកាន់ ទន្ទឹមនឹងភាគី ម៉ក់ ពៅ គ្មានឯកសារ និងគ្មានដីជាកម្មសិទ្ធិស្របច្បាប់ មានតែដីចំណីផ្លូវ ដែលរដ្ឋយក​ធ្វើជាផ្លូវសាធារណៈ ប៉ុណ្ណោះ។ ដូច្នេះ បើគាត់យល់ឃើញថា ដីរបស់គាត់ស្របច្បាប់ គាត់នឹងប្ដឹងទៅអាជ្ញាធរ ដើម្បីគ្រប់គ្រង ដីចញ្ចើមផ្លូវឬផ្លូវសាធរណៈនោះទៅ រឿងអីមកប្ដឹងរូបលោកជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅលើ ដីកន្លែង​ផ្សេងទៅវិញ?

ប្រភពខ្លះបានធ្លោយឱ្យដឹងថា តំណាងអយ្យការលោកហ៊ឹង ប៊ុនថន បានចេញសេចក្ដីសន្និដ្ឋានបញ្ជូនឱ្យ​ស៊ើបសួរ មុនលទ្ធផលរបស់គណៈកម្មការ ដែលមានអាជ្ញាធរនិងជំនាញធ្វើការចុះមកវាស់វែង ដើម្បីរាយការណ៍ដាក់ជូន តំណាងអយ្យការ។ បញ្ហានេះ រងនូវការចោទប្រកាន់ថា តំណាងអយ្យការចេញសេចក្ដីសន្និដ្ឋាន បញ្ជូនឱ្យស៊ើបសួរ មុនលទ្ធផលរបស់គណៈកម្មការ ប្រៀបបាននឹងតំណាងអយ្យការដឹងមុន ថាដីនោះមានច្បាប់ឬអត់ច្បាប់ ឬមួយ​បែបណា?

ពាក់ព័ន្ធករណីនេះ “នគរដ្រេហ្កន” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយទូរស័ព្ទចូលគ្មានអ្នក​ទទួល។ ដោយឡែកមន្រ្ដីរបស់គាត់ បានប្រាប់ឱ្យដឹងថា រឿងនេះ គេមានឯកសារគ្រប់គ្រាន់តាមរយៈការអនុវត្តសាល​ក្រម ដោយលោកបញ្ជាក់ថា ពេលដែលចុះមកអនុវត្តសាលក្រមឱ្យឈ្មោះម៉ក់ ពៅភាគីម្ខាងទៀត ថាម៉ក់ ពៅ គ្មានដី នោះទេ ដីត្រូវបានរដ្ឋរឹបអូសយកអស់ហើយ។ លោកបន្ដថា ដីដែលមានទំហំ៤ម៉ែត្រ គុណនឹង១៧ម៉ែត្ររឿងអីដែលថា គ្មានដី ហើយរដ្ឋឯណា ទៅយកដីរហូតដល់ទំហំខាងលើនេះ ទៅធ្វើជាផ្លូវ? ដូច្នេះ មុននឹងធ្វើការបកស្រាយណាមួយ គួរតែពិនិត្យឡើងវិញ ទៅលើឯកសារពាក់ព័ន្ធជៀសវៀងមានករណីយល់ច្រឡំ។

​គេពុំទាន់ដឹងថា តំណាងអយ្យការធ្វើការចោទប្រកាន់ ក្នុងមាត្រាណាមួយនោះទេ ប៉ុន្តែយោងតាមមាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា២៨ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ព្រះរាជអាជ្ញាសាលាដំបូង និងអគ្គព្រះរាជអាជ្ញាមហា​អយ្យការ សាលាឧទ្ធរណ៍បានតម្កល់ទុកឥតចាត់ការទៅហើយ តែបើតំណាងអយ្យការចោទប្រកាន់បញ្ជូន​ឱ្យស៊ើបសួរ​ក្នុង​បទល្មើសមាត្រាដដែលខាងលើនេះ កាន់តែជារឿងមួយ មិនមានលក្ខណៈត្រឹមត្រូវ។

បញ្ជាក់បន្ថែម នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែលលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃ​អយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានទូរស័ព្ទមកកាន់”នគរដ្រេហ្កន” និងបញ្ជាក់ថា ការចេញសេចក្ដី​សន្និដ្ឋាន​បញ្ជូនឱ្យស៊ើបសួរ គឺសម្អាងទៅលើច្បាប់ភូមិបាល  ដោយភាគីឈ្មោះលឹម ហុង បានឃុបឃិតគ្នាជាមួយប្អូនរបស់ខ្លួន រំលោភយកដីឈ្មោះម៉ក់ ពៅ ម្យ៉ាងទៀត កន្លងមកខាងលឹម ហុង ក៏ធ្លាប់ធ្វើការសម្របសម្រួលចេញប្រាក់ ឱ្យថ្លៃដីនេះ ផងដែរ តែភាគីបណ្ដឹមិនព្រមទទួល ដូច្នេះលោកនឹងចាត់ការ ជូនជនរងគ្រោះ។ លោកបន្ដថា ប្រសិនបើមើលឯកសារ​ពាក់ព័ន្ធប្រាកដជាទទួលស្គាល់ថា ភាគីណាមួយរំលោភច្បាប់។

បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ភាគីលោកលឹម ហុង បានប្រាប់អង្គភាព”នគរដ្រេហ្កន” ថា “ខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាវិន័យ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទៅលើព្រះរាជអាជ្ញារងហ៊ឹង ប៊ុនថន តាមរយៈការចោទប្រកាន់ក្នុងសំណុំរឿងដដែល ដើមចោទដដែល ទីតាំងដីទំនាស់ដដែល ហើយត្រូវបានព្រះរាជអាជ្ញា សាលាដំបូង និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ បានតម្កល់ទុកឥតចាត់ការរួចទៅហើយ ៕

IMG_1398

IMG_1399

IMG_1397

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print