ខេត្តព្រៃវែង៖ ស្ពានអ្នកលឿង (ស្ពានត្សឹបាសា) ដែលបានរងការខូចខាត ដោយសារ រថយន្តយីឌុបដឹកអង្ករជាង៧០តោន មួយគ្រឿង បើកបរឆ្លងកាត់ ហើយឡើងស្ពាន មិនរួចក៏រអិលថយក្រោយវិញ ហើយវាបានបំផ្លាញសាច់កៅស៊ូលើស្ពានផង នោះបានបញ្ចប់ហើយដោយខាងរថយន្តផ្ដល់សំណង១៥០ដុល្លារ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីមន្ទីរជំនាញបានឃាត់រថយន្តមួយរយៈដែរ ដើម្បីដោះស្រាយ ហើយក្រោយមកក៏បានបញ្ចប់ត្រឹមសំណងចំនួន ១៥០ដុល្លា ហើយកន្លែងដែលខូចក៏បានប៉ះអ៊ុតរួចវិញហើយដែរ។
ចំពោះបញ្ហាជញ្ជីងថ្លឹងរថយន្តវិញ ត្រូវបានគេអះអាងថា ពីខេត្តស្វាយរៀងមកដល់ភ្នំពេញមានជញ្ជីងចំនួន២កន្លែង។
លោក នួន ចំរុង ប្រធានមន្ទីរសាធារណៈការខេត្តព្រៃវែងនិយាយថា ផ្លូវជាតិលេខ១ មិនមានជញ្ជីងទេ មានតែផ្លូវជាតិលេខ៨ ឯណោះ ។
ទោះជាយ៉ាងណាហេតុការណ៍នេះត្រូវបានពលរដ្ឋរិះគន់ និងឆ្ងល់ចំពោះការងាររបស់មន្ដ្រី ក្រសួងសាធារណៈការ ថា ហេតុអ្វី រថយន្តធំៗ ផ្ទុក ធ្ងន់ៗ បែបនេះ បើកបរលើស្ពានបាន? បើនៅដងផ្លូវជាតិលេខ១ មានជញ្ជីងថ្លឹង រថយន្តហើយ ហេតុអ្វីមានរថយន្តដឹកធ្ងន់យ៉ាងនេះចរាចរបានទៅវិញ។
គួររំលឹកថា កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២២ ឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងខេត្តព្រៃវែង មាន រថយន្តដឹកអង្ករ មួយគ្រឿង ពាក់ស្លាកលេខ ខេត្តតាកែវ 3A-1743 មានថៅកែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះ ផ្ទុកអង្ករខ្សាយ និង អង្ករដំណើប សរុប ជាង៧០តោន បានបើកបរឆ្លងកាត់ស្ពាន ហើយឡើងស្ពាន មិនរួចក៏រអិលថយក្រោយវិញ ដោយរថយន្តដឹកអង្ករនេះចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់ខ្មែរយើង ទៅលក់នៅប្រទេសថៃ ។
រថយន្តនេះមាន ទម្ងន់ ១៧តោន ហើយទម្ងន់ផ្ទុក អង្ករជាង៦០តោន បូកសរុបជាង៧០តោន តើមិនលើសចំណុះទេឬ? ៕
ដោយ៖ ហេង សូរិយា