ខេត្តឧត្តរមានជ័យ៖ លោក គន់ គីម ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ រួមដំណើរដោយ អស់លោកជាអនុប្រធាន សមាជិកក្រុមការងារថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សរបស់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នៅក្នុងកិច្ចប្រជុំនោះបន្ទាប់ពីលោក ហោ ជិនវីរៈយុទ្ធ ប្រធានគណបក្សប្រជា ជនស្រុកអន្លង់វែង បានធ្វើរបាយការណ៍ស្តីពីសកម្មភាពនៃការអនុវត្តការងារបក្សនៅមូលដ្ឋាន និងការលើកមតិដើម្បី ពិភាក្សារាល់សកម្មភាពចំណុចខ្លាំងចំណុចខ្សោយរួចមក លោក គន់ គីម បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីក្រុមការងារគណបក្សរបស់ស្រុកអន្លង់វែង ដែល បានខិតខំសហការយកចិត្តទុកដាក់បានល្អក្នុងការឆ្លើយតបស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណនៃការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលចំពោះមន្ត្រីក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងរយះពេលកន្លងមក។
លោក គន់ គីម បានដាក់ចេញនូវទិសដៅផែនការសម្មភាពអនុវត្តបន្ត ដោះស្រាយជូនប្រជាពលរដ្ឋបន្ថែមទៀតដោយបានណែនាំដល់ក្រុមការងារត្រូវតែស្វែងយល់ពីតម្រូវការអទិភាពជាក់ស្តែងចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសមន្ត្រីគ្រប់ថ្នាក់ត្រូវតែចុះដល់មូលដ្ឋាន ដើម្បីជួយដោះស្រាយឲ្យអស់លទ្ធភាពដែលមានជូនដល់គាត់។
ទន្ទឹមនោះដែរ លោក គន់ គីម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារ ប្រធានគណបក្ស ស្រុក និង ថ្នាក់មូលដ្ឋាន ត្រូវបន្តពង្រឹងធ្លុងសាមគ្គីឯកភាព និង ការចាត់តាំង របស់បក្ស ក្នុងការចូលរួមគាំទ្រ និង កិច្ចសហការអនុវត្តឲ្យ បានរលូន ដើម្បីបុព្វហេតុបំរើប្រទេសជាតិ និងប្រជាជន និងប្រៀបឈ្នះរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ៕