​លិខិត​មិត្ត​អ្នក​អាន​៖​ រឿង​ពេទ្យ​នៅ​តែ​ជា​បញ្ហា

ចែករំលែក៖

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ ខ្ញុំបាទ​សង្កេត​ឃើញ​ថា​ បញ្ហា​គ្រូពេទ្យ​នៅ​ក្នុង​សង្គម​កម្ពុជា​បាន​រុញច្រាន​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ឲ្យ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​មួយ​ចំណែក​ធំ​ ។​ កាល​មុន​មាន​តែ​ពលរដ្ឋ​ប៉ុណ្ណោះ​ ដែល​រអ៊ូរទាំ​បញ្ហា​វិស័យ​សុខាភិបាល​នេះ​ ។​ ឥឡូវនេះ​ មន្ត្រី​រដ្ឋាភិបាល​ អ្នក​មុខ​ អ្នកការ​ ឧកញ៉ា​មួយ​ចំនួន​ក៏​មាន​ប្រតិកម្ម​ចំពោះ​បញ្ហា​វិស័យ​សុខាភិបាល​ ពោល​គឺ​បញ្ហា​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​នានា​នេះ​ដែរ​ ។​ ការ​ទម្លាយ​ចេញ​រឿងរ៉ាវ​ទាំងឡាយ​ដើម្បី​ឲ្យ​មាន​កំណែទម្រង់​ ។​ ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នោះ​ទេ​ ។​

​កាលពី​ខែ​មុន​ លោក​បណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ បាន​លើកយក​មួយ​ករណី​នៃ​បញ្ហា​សីលធម៌​គ្រូពេទ្យ​មក​និយាយ​ ដែល​ធ្វើ​ឲ្យ​គណៈ​គ្រូពេទ្យ​កម្ពុជា​មាន​ប្រតិកម្ម​ ដោយ​ស្នើ​ឲ្យ​លោក​ គួ​ច​ ម៉េ​ង​លី​ សុំ​ទោស​ជា​សាធារណៈ​ ។​ លោក​គួ​ច​ ម៉េ​ង​លី​ ដាច់ខាត​មិន​សុំ​ទោស​ទេ​ ។​ គណៈ​គ្រូពេទ្យ​កម្ពុជា​បន្ត​ទទូច​ស្នើ​ឲ្យ​លោក​ គួ​ច​ ម៉េ​ង​លី​ សុំ​ទោស​ ។​ លោក​គួ​ច​ ម៉េ​ង​លី​ នៅ​តែ​មិន​សុំ​ទោស​ ក្នុង​ហេតុផល​ថា​ លោក​គ្មាន​កំហុស​នោះ​ទេ​ ព្រោះ​អ្វី​ដែល​លោក​បាន​លើក​ឡើងជា​ការ​ពិត​ ។​ យ៉ាង​ដូច្នេះ​ គណៈ​គ្រូពេទ្យ​កម្ពុជា​ស្ងាត់ឈឹង​ ធ្វើ​ដូច​ជា​មិនដឹង​រឿង​ទៅ​ ។​

​រឿង​នេះ​នរណា​ក៏​ដឹង​នៅ​កម្ពុជា​!​ គឺ​រឿង​គ្រូពេទ្យ​ខ្វះ​សីលធម៌​ ឬ​មិន​យកចិត្តទុកដាក់​ក្នុង​វិជ្ជាជីវៈ​ដើម្បី​សង្គ្រោះ​អ្នកជំងឺ​ ។​ បើ​ឲ្យ​គេ​ធ្វើ​ប្រជាមតិ​ នោះ​គឺ​គណៈ​គ្រូពេទ្យ​កម្ពុជា​ត្រូវ​រង​នូវ​ភាព​អាម៉ាស់​ខ្លាំង​ជា​មិន​ខាន​ ។​ បើ​ទោះបីជា​វា​មិន​ទាំងស្រុង​ ចំពោះ​ចំណុច​អវិជ្ជមាន​នៃ​ក្រុម​គ្រូពេទ្យ​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​កំហុស​លេចធ្លោ​បាន​លេចឡើង​នៅ​ពេល​ដែល​មាន​បញ្ហា​មួយ​ ដោយសារ​តែ​ការ​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ ។​

​ថ្មីៗ​នេះ​ទៀត​ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ខៀវ​ កា​ញា​រី​ទ្ធ​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហោះ​សារ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ «​ហួសចិត្ត​មិនដឹង​និយាយ​យ៉ាងម៉េច​នោះ​ទេ​ចំពោះ​ការ​វិនិច្ឆ័យ​របស់​ពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ហៅ​ពេទ្យ​លោកសង្ឃ​»​ ។​ លោក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​ «​មិនដឹង​និយាយ​យ៉ាងម៉េច​ មន្ត្រី​ខ្ញុំ​ ទៅ​ពេទ្យ​លោកសង្ឃ​ គេ​(​ពេទ្យ​)​ប្រាប់​ថា​ កើត​មហារីក​ តែ​ទៅ​ដល់​វៀតណាម​ គេ​ប្រាប់​ថា​ អត់​មានអី​ទេ​!​ តើ​គួរ​មាន​សវន​កម្ម​វិជ្ជាជីវៈ​គ្រូពេទ្យ​ឬទេ​»​ ។​

​ខ្ញុំបាទ​បាន​តាមដាន​ព័ត៌មាន​នេះ​មិនឃើញ​មាន​ប្រតិកម្ម​ពី​ខាង​ក្រសួងសុខាភិបាល​ ឬ​គណៈ​គ្រូពេទ្យ​នៅឡើយ​ ។​ ឬ​មួយ​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជា​រឿង​បុគ្គល​?​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ខ្ញុំបាទ​យល់​ថា​ វិស័យ​សុខាភិបាល​ហាក់ដូចជា​រង​នូវ​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង​ឡើង​ ៕​

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print