ខេត្ដកំពង់ធំ៖ ឈ្មួញឈើឈ្មោះគ្រូប៊ី ជាប់ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ត្រូវបានលោក ច័ន្ទ មន្នី នាថ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បង្ក្រាបទាំងទើសទាល់ក្រោមការបញ្ជា ផ្ទាល់ពីលោក ឃិន វណ្ណៈ នាយរងផ្នែក រដ្ឋបាលព្រៃឈើសណ្ដាន់កាលពីវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៦ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានបញ្ជាក់ថា បទល្មើសដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាតបានធ្វើសកម្មភាពជារៀងរាល់យប់ដោយគ្មានការអើ ពើនិងបង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញ នោះទេជាហេតុធ្វើឱ្យមានការសង្ស័យថា សមត្ថកិច្ចមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនប្រហែលជាបានទទួលសំណែន ពីឈ្មួញឈ្មោះគ្រូប៊ី និងឈ្មួញឈើឯទៀត ទើបបានជាសកម្មភាពដឹកឈើដោយ ខុសច្បាប់ចេញពីព្រៃឡង់នៅតែធ្វើសកម្ម ភាពដោយគ្មានខ្លាចញញើតច្បាប់បន្ដិចសោះឡើយ ។
លោក ច័ន្ទមន្នីនាថ នាយសង្កាត់រដ្ឋ បាលព្រៃឈើសណ្ដាន់បានដឹកនាំកម្លាំង មន្ដ្រីក្រោមឱវាទចុះឃាត់គោយន្ដកន្ដ្រៃចំនួន២គ្រឿងពេលដែលកំពុងតែដឹក ជញ្ជូននៅចំណុចផ្លូវចូលទៅក្រុមហ៊ុន CR CK ដែលជាឈើប្រភេទលេខ២កំពុង តែដឹកទៅទម្លាក់ទុកនៅស្រុកសណ្ដាន់ តែត្រូវបានអ្នកសារព័ត៌មានជួបប្រទះទើបរាយការណ៍ឱ្យសមត្ថកិច្ចជំនាញបង្ក្រាបតែម្ដង ។
ចំណែកអ្នកបើកបរមិនប្រាប់អត្ដ សញ្ញាណនោះទេ ដោយលោកបានអះ អាងថា ការដឹកជញ្ជូនឈើនេះលោក គ្រាន់តែស៊ីឈ្មួលដឹកឈើចេញពីព្រៃឡង់ ឱ្យបុគ្គលម្នាក់ឈ្មោះគ្រូប៊ីដែលជាឈ្មួញ រស់នៅស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ។ ចំណែកឈើនិងគោយន្ដកន្ដ្រៃត្រូវបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃ ឈើសណ្ដាន់តាមការប៉ាន់ស្មានចំនួនឈើមាន៦ម៉ែត្រគូប ៕
ដោយ៖ ប៊ុន រិទ្ធី