សូមរំឮកនូវប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សូមជម្រាបជូនថា , នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងនូវប្រសាសន៍សំខាន់ៗ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់) ដែលជាការគំនិត ចំណេះដឹង បទពិសោធន៍ ដល់កងទ័ព។ ក្នុងនោះលោកបានមានប្រសាសន៍លើកឡើងចំនួន ៥ចំណុច យ៉ាងដូច្នេះថា:

ទី១ -សូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស និងសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមធ្វើការកោតសរសើរ នាយឧត្តមសេនីយ៍កិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងដោះស្រាយច្នៃប្រឌិតជម្នះការលំបាកក្នុងការកសាង និងអភិវឌ្ឍ ប្រែមុខមាត់មជ្ឈមណ្ឌលបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ពីទីតាំងមួយដែលសំបូរទៅដោយកាកសំណល់ជាតិផ្ទុះបន្សល់ទុកដោយសារសង្គ្រាមឱ្យក្លាយទៅជាមូលដ្ឋានហ្វឹកហ្វឺនមួយដ៏សំខាន់ដោយមានសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើនដូចសព្វថ្ងៃនេះ សម្រាប់បំរើឱ្យការកសាងធនធានមនុស្សក្នុងកិច្ចការពារជាតិ។ ហើយសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលអគារគិលានដ្ឋាន ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់គិតគូររបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន, គ្រួសារយោធិន និងសិក្ខាកាម ដែលរស់នៅបំពេញការងារ និងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ ជាការបង្ករលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ច និងការហ្វឹកហ្វឺនរបស់យោធិនយើងក្នុងគ្រប់កាលៈទេសៈ។

ទី២ -សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេចបានលទ្ធផលការងារតាមផែនការកំណត់។ ទាំងអស់នេះ គឺពិតជាកើតមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់អង្គភាព ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ក្នុងនោះកម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឱ្យការហ្វឹកហ្វឺនទាំងអស់ត្រូវផ្តោតលើគុណភាពនៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាពក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។

ទី៣ -សូមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង និងជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក៏ដូចជាសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។

ទី៤ -សូមសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រទេសភាគីជាមិត្ត និងសប្បុរសជនទាំងអស់ ដែលកន្លងមកតែងបានជួយជ្រោមជ្រែង និងសហការគាំទ្រក្នុងកិច្ចការកសាងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក រាប់ទាំងការផ្តល់ទីតាំង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ជំនួយលើផ្នែកបច្ចេកទេស និងសម្ភារ ព្រមទាំងការធានាផ្សេងៗ និយាយជារួម និងនិយាយដោយឡែក សូមអរគុណចំពោះការចូលរួមចំណែកជួយឧបត្ថម្ភជ្រោមជ្រែងដល់បញ្ជាការដ្ឋានអង្គរក្ស គាំទ្រដល់បុព្វហេតុ និងភារកិច្ចការពារជាតិ, ការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសកម្មភាពជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយជាច្រើន ដែលបញ្ជាការដ្ឋានអង្គរក្សបានខិតខំសម្រេចបានក្នុងពេលកន្លងមក និងតទៅអនាគត។ ទាំងអស់នេះពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

ទី៥ -សូមបន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាជន ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំហ្វឹកហ្វឺនរៀនសូត្រប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាម រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ និងសូមបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ ព្រោះថាក្នុងពិភពលោកបច្ចុប្បន្ន ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះ យើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ។
សូមបញ្ជាក់ផងដែរថា, ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃ “ខួបអនុស្សាវរីយ៍លើកទី២២ ថ្ងៃកំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩-២៤ មករា ២០២១ “៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print