ខេត្តបន្ទាយមានជ័យ៖ ហាក់ដូចជាមិនស្រលាញ់ជីវិតខ្លួនឯង នឹងមិនបានគិតដល់អំពីបញ្ហាគ្រោះថ្នាក់ដល់សង្គម ប្រសិនបើអ្នកព្យាយាមរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយលទ្ធផលតេស្តត្រូវបញ្ជាក់ថា, វិជ្ជមានកូវីដ១៩ ។ ប៉ុន្តែពលករម្នាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ រូបគេគ្រាន់តែស្ថិតក្នុងកំឡុងកំពុងធ្វើចត្តាឡីស័ក មិនទាន់មានជំងឺកូវីដ១៩ នោះនៅឡើយទេ។ នេះបើតាមការអះអាង ពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នអាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងស្វែងរកពលករ ទើបវិលត្រឡប់មកពីប្រទេសថៃ លួចរត់កំលុងពេលធ្វើចត្តាឡីស័ក ឱ្យត្រឡប់មកធ្វើចត្តាឡីស័ក បន្តឱ្យគ្រប់ចំនួនថ្ងៃកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, ជុំវិញបញ្ហានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងស្វែងរកបុរសម្នាក់ដែលជាពលករខ្មែរ ទើបវិលត្រឡប់ពីប្រទេសថៃ ដែលបានលួចរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យមង្គលបូរី កាលពីក្បាលព្រលប់ថ្ងៃ២២ ខែមករា ឆ្នាំ២០២១។
ពលករដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីនោះ មានឈ្មោះ ខា រិន អាយុ២៣ឆ្នាំ លេខទូរស័ព្ទ៖ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី បានបញ្ជាក់ប្រាប់សាព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញថា ពលកររូបនោះ បានត្រឡប់មកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជាហើយអាជ្ញាធរខេត្តបានបញ្ជូនឱ្យចូលមកក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី បានចំនួនជា១យប់ មកហើយដោយពុំមានសញ្ញាបង្ហាញថាជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នោះទេ។ ស្រាប់តែចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ពលករឈ្មោះ ខា រិន បានរត់គេចដោយមិនបានធ្វើចត្តាឡីស័កបន្តទៀតឡើយ ដោយមូលហេតុខ្លាចម្ចាស់បំណុលមកទារ រឿងបំណុលដែលជំពាក់គេហើយមិនអាចមានលទ្ធភាពសងម្ចាស់បំណុលវិញ។
លោកបន្តថា, «មកទល់ពេលនេះក្រុមអាជ្ញាធរ និងសមត្ថកិច្ចកំពុងស្វែងរកតែ មិនទាន់រកបុរសម្នាក់ឃើញនៅឡើយទេ អាជ្ញាធរបានទៅដល់ផ្ទះរបស់គេហើយ តែមិនឃើញនរណាម្នាក់នោះទេ ហើយឥឡូវនេះអាជ្ញាធរកំពុងស្វែងរកគាត់នៅតាមផ្ទះសាច់ញាតិរបស់គេ»។
ទន្ទឹមនឹងនេះដែរ លោក លី សារី បានឱ្យដឹងថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី២ និង៣ នៅឡើយ ដោយមិនដឹងថាគាត់មានវិជ្ជាមានមេរោគកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តលើកទី១ អវិជ្ជាមានរួចមក។
សូមបញ្ជាក់ថា, ត្រឹមហេតុផលពលករ រូបនោះជំពាក់បំណុលគេ ហើយខ្លាចគេមកទារដល់កន្លែងធ្វើចត្តាឡីស័ក ទើបខ្លួនព្យាយាមរត់គេច មិនមែនជារឿងត្រឹមត្រូវឡើយ។ គ្មានម្ចាស់បំណុលណា ស្ថិតក្នុងកាលៈទេសៈនេះ មកទារលុយកូនបំណុល នៅកន្លែងកំពុងធ្វើចត្តាឡីស័ក ដែលមានអាជ្ញាធរ និងសមត្ថកិច្ច មន្ត្រីសុខាភិបាល ធ្វើការពិនិត្យនិងយាមកាម មើលការខុសត្រូវឡើយ។
ដូច្នេះដើម្បីសុវត្ថិភាពសុខភាពខ្លួនឯង បុរសខាងលើ គួរតែចូលខ្លួនមកធ្វើចិត្តាឡីស័កឱ្យគ្រប់តាមកំណត់របស់ក្រសួងសុខាភិបាល៕
ដោយ, សិលា