អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីនៅកាន់អំណាចបានស្នើដាក់ឈ្មោះ ដូណាល់ ត្រាំ សម្រាប់អាកាសយានដ្ឋាន នៅរដ្ឋ Florida ប៉ុន្តែនៅពេលនេះរដ្ឋបាលក្នុងរដ្ឋនេះ បានបដិសេធ ដាក់ឈ្មោះ តាមការចង់បានរបស់លោកត្រាំ។
តាមសារព័ត៌មាន SCMP បានផ្សាយថា អតីតប្រធានាធិបតីត្រាំ មិនអាចសម្រេចគោលបំណងចង់បានអាកាសយានដ្ឋាន មួយក្នុងស្រុកកំណើត ដាក់ឈ្មោះរបស់លោក។ គណៈកម្មការ ស្រុក Palm Beach មិនគាំទ្រដល់ការផ្លាស់ប្តូរឈ្មោះអាកាសយានដ្ឋាន Palm Beach International airport ទៅជា Donal Trump Airport នោះឡើយ។
ឈ្មោះ Palm Beach មនុស្សគ្រប់គ្នា បានដឹងថាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងការរីកចំរើនក្នុងវិស័យកសិកម្ម ទាំងនោះគឺជាចំណុចលេចថ្លោជាងគេក្នុងតំបន់។ ចំណែកឈ្មោះ Trump international គឺជាឈ្មោះសមស្របសម្រាប់ ទីលានវាយកូនហ្គោលរបស់គ្រួសារត្រាំតែប៉ុណ្ណោះ។អតីតប្រធានាធិបតី ដូណាល់ ត្រាំបានធ្វើឲ្យបាត់បង់ប្រជាប្រិយភាព យ៉ាងខ្លាំងមុនពេលលោកបញ្ចប់ ដំណែងប្រធានាធិបតី។ ប្រជាប្រិយភាពកាន់តែធ្លាក់ចុះក្រោយពេលមានអំពើហិង្សានៅក្នុងរដ្ឋសភា កាលពីថ្ងៃទី០៦ខែមករា ហើយលោកជាអ្នកនៅពីក្រោយអំពើហិង្សានោះ។ កន្លងមក ធនាគារ និងក្រុមហ៊ុនរកស៊ីជាច្រើនបានឈប់សហការរកស៊ីជាមួយគ្រួសារលោកត្រាំ ផងដែរ៕ ដោយ៖ធីរីណា