ខេត្តបាត់ដំបង ៖ ក្រុមចោរ៣នាក់ដែលគេសង្ស័យថា ជាពួកចោរនៅក្នុងមូលដ្ឋាន ដែលប្រដាប់ដោយដាវសាំមូរ៉ៃគ្រប់ដៃ និងពាក់មួកសុវត្ថិភាពគ្រប់ៗគ្នាផងដែរ បានសម្រុកចូល «ប្លន់» អ្នកធ្វើនំស្រួយ យកប្រាក់អស់ជិត២លានរៀល និងទូរស័ព្ទម៉ាក OPPO ១គ្រឿង ខណៈពេលជនរងគ្រោះ២នាក់ប្ដីប្រពន្ធកំពុងធ្វើនំលក់ នៅវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ។
ជនរងគ្រោះដែលត្រូវក្រុមចោរសម្រុកចូលប្លន់នោះឈ្មោះ ហួន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំអូរតាគី ស្រុកថ្មគោល តែបានទៅស្នាក់នៅបណ្ដោះផ្ទះបងប្អូន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ទើបបានប្រហែល៣ខែ ដើម្បីប្រកបមុខរបរធ្វើនំស្រួយលក់ឲ្យម៉ូយ។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះត្រូវក្រុមចោរពាក់មួកសុវត្ថិភាព និងប្រដាប់ដោយដាវសាំមូរ៉ៃក្នុងដៃគ្រប់ៗគ្នាផងបានចូលទៅគំរាម «ប្លន់» យកប្រាក់ និងទូរស័ព្ទ ខណៈពេលជនរងគ្រោះ២នាក់ប្ដីប្រពន្ធកំពុងនាំគ្នាធ្វើនំនៅក្នុងផ្ទះ។
លោក ហួន វាសនា ជាជនរងគ្រោះ បានរៀបរាប់ថា «ជាទម្លាប់ខ្ញុំនិងប្រពន្ធ តែងងើបធ្វើនំស្រួយ ចាប់ពីម៉ោងជាង១២រំលងអធ្រាត្ររហូតដល់ភ្លឺ ព្រោះម៉ូយមកទទួលយកទៅលក់តែម្ដង។ នៅយប់កើតហេតុនោះ ពេលខ្ញុំកំពុងឈរវ៉ៃម្ស៉ៅ ហើយប្រពន្ធខ្ញុំកំពុងប្រែនំនៅក្នុងខ្ទះខ្លាញ់ ស្រាប់តែមានជនមិនស្គាល់មុខចំនួន៣នាក់ ដើរចូលមកសំដៅខ្ញុំនិងប្រពន្ធ តាមចំហៀងផ្ទះពីខាងក្រោយ។ ពួកគេសុទ្ធតែពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ ពាក់ស្រោមដៃ និងកាន់ដាវម្នាក់១ដើមក្នុងដៃ ដែលមើលទៅគួរឲ្យញាក់សាច់តែម្ដង»។
ជនរងគ្រោះបន្តថា ពេលនោះខ្លួនបានឃើញជនសង្ស័យ២នាក់ឈរនៅក្បែរជញ្ជាំងផ្ទះចម្ងាយពីប្រពន្ធខ្លួនប្រហែល២ម៉ែត្រ រីឯម្នាក់ទៀតកាន់ដាវដើរមកឈរយ៉ាងកៀកក្បែរប្រពន្ធខ្លួន ហើយទាមទារយកប្រាក់តែម្ដង។ ដោយជននោះនិយាយថា «ឲ្យលុយខ្ញុំចាយខ្លះមក..» ហើយខ្លួនបានឆ្លើយថា «ខ្ញុំអត់មានលុយទេ» តែជននោះក៏បានគំរាមថា «បើមិនឲ្យលុយទេ ប្រយ័ត្នខ្ញុំកាប់ស.ម្លា.ប់ប្រពន្ធចោល»។
ជនរងគ្រោះបានបញ្ជាក់ត្រង់ចំណុចនេះថា «ខ្ញុំភ័យរន្ធត់យ៉ាងខ្លាំង ពេលឮវាគំរាមកាប់ស.ម្លា.ប់ប្រពន្ធខ្ញុំ ព្រោះប្រពន្ធខ្ញុំកំពុងមានផ្ទៃពោះផង ហើយខ្ញុំក៏ឡើងលើផ្ទះប្រមូលយកប្រាក់ចំនួន១,៧លានរៀល ដែលខ្ញុំសន្សំទុកសម្រាប់ប្រពន្ធឆ្លងទន្លេឲ្យទៅលោកចោរទាំងអស់។ មិនតែប៉ុណ្ណោះ លោកចោរបានឆក់យកទូរស័ព្ទម៉ាក OPPO របស់ខ្ញុំ១គ្រឿងទៀតដែលទុកលើតុធ្វើនំទៅបាត់ទៀត តែពួកវាមិនបានបង្កហិង្សាដល់ប្ដីប្រពន្ធខ្ញុំទេ»។
ជាមួយនឹងការលេចមុខក្រុមចោរដាវសាំមូរ៉ៃទាំង៣នាក់ដែលពាក់មួកសុវត្ថិភាព ពាក់ម៉ាស់មុខ និងពាក់ស្រោមដៃគ្រប់ៗគ្នាដ៏ចម្លែកនេះ បើតាមប្រភពនានាបានសន្និដ្ឋានជាបឋមថា ដោយយោងលើភិនភាគដែលជនរងគ្រោះបានអះអាងនោះ គេសង្ស័យក្រុមចោរសាំមូរ៉ៃនេះ អាចជាក្រុមចោរនៅក្នុងមូលដ្ឋាន ហើយក៏ជាពួកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ។
ប្រភពដដែលបញ្ជាក់ថា សព្វថ្ងៃនៅក្នុងមូលដ្ឋានសំបូរទៅដោយក្រុមយុវជនសេពគ្រឿងញៀននេះសម្បើមណាស់ ហើយអំពើចោរកម្មគ្រប់បែបយ៉ាងក៏កំពុងអង្រួនយ៉ាងកក្រើក រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋស្ទើរទាំងយប់ទាំងថ្ងៃ។ ដូច្នេះករណី «ប្លន់» ផ្ទះធ្វើនំស្រូយលក់ខាងលើនេះ គេអាចសន្និដ្ឋានបានថា មិនមែនចោរមកពីក្រៅទេ គឺនៅក្នុងមូលដ្ឋាននេះតែម្ដង។
ចំណែកអធិការស្រុកបាណន់ លោក ប៉ាន់ វ៉ាន់នី ហាក់មានការឯកភាពចំពោះការសន្និដ្ឋានជាបឋមថា «ក្រុមចោរដាវសាំមូរ៉ៃខាងលើនេះ ជាមុខសញ្ញានៅក្នុងមូលដ្ឋាន»។ ប៉ុន្តែលោកបានបញ្ជាក់ថា សមត្ថកិច្ចនូវមិនទាន់កំណត់បាននូវមុខសញ្ញានេះច្បាស់លាស់ថា ជាជនមួយណាឲ្យប្រាកដ ដើម្បីឈានដល់ការក្របួច.កបាននៅឡើយទេ។
លោក ប៉ាន់ វ៉ាន់នី បានប្រាប់ថា លោកមានការសង្ស័យថា មុខសញ្ញាប្លន់ខាងលើនេះ អាចរស់នៅក្នុងមូលដ្ឋាន តែពេលនេះមន្ត្រីជំនាញកំពុងតាមដាននូវមុខសញ្ញាមួយចំនួន ដែលយើងកំពុងសង្ស័យហើយ៕