ភ្នំពេញ, បើយោងតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ បានសម្រេចផ្តល់ជំនួយបន្ថែមចំនួន៣០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ ក្នុងចំណោមថវិកាចំនួន៣០០លានរៀលនោះ មានខេត្តឧត្តរមានជ័យ ទទួលបាន២០០លានរៀល និងខេត្តប៉ៃលិន ទទួលបាន១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានក្រសួងសុខាភិបាលរៀបចំផ្ទេរជូនរដ្ឋបាលខេត្តទាំងពីរភ្លាមៗផងដែរ។
សូមជម្រាបជូនថា, ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្ត បន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល, គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរចំនួនជិត២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា។
សូមរំឮកថា, រហូតដល់ម៉ោង ១១,និង០០ ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ចំនួន ២នាក់ (ភ្នំពេញ១នាក់ និង បន្ទាយមានជ័យ ១នាក់) ,ជាសះស្បេីយ៣នាក់ (ភ្នំពេញ ២នាក់ និងខេត្តបន្ទាយមានជ័យ១នាក់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦០នាក់ ចំនួនសំរាកពេទ្យនៅសល់៤៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន៤១២នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕ដោយ, សិលា