ភ្នំពេញ, លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានថ្លៃថា, តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ដែលបន្តកើនឡើងរង្វង់៧% នារយៈពេលជាង២០ឆ្នាំចុងក្រោយ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ កម្មការិនី និយោជិក តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ មិនថាខណៈដែលកម្ពុជាស្ថិតក្នុងដំណាក់កាលវិបត្តិកូវីដ១៩ក្តី។ នេះ ពិតជាបានសបញ្ជាក់ពីភាពរឹងមាំរបស់កម្ពុជា និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប និងបំពេញតម្រូវការប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា, ឈរលើមូលដ្ឋានដ៏ច្បាស់លាស់ដើម្បីបន្តកសាង និងការពារជាតិមាតុភូមិ តាមរយៈគោលការណ៍១១ខ ដែលក្តោបរួមលើគ្រប់ទិដ្ឋភាព និងវិស័យនានា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនដែលផ្សារភ្ជាប់ទៅនឹងការថែរក្សា ការពាររាល់សមិទ្ធផលសង្គមជាតិ សន្តិភាព និងស្ថេរភាព និងការរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ចគ្រប់ដំណាក់កាលទាំងអស់។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា, សម្រាប់ដំណើរឆ្ពោះទៅមុខ ទោះបីជាត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជានឹងបន្តបេសកម្មក្នុងការដឹកនាំ បង្កើតសមិទ្ធផលថ្មីៗ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការឈានឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និង២០៥០៕
ដោយ, សិលា