កសិករឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដោយបានបើកត្រាក់ទ័រទៅកាន់រដ្ឋធានីញូវដេលីធ្វើបាតុកម្មក្នុងឱកាសបុណ្យខួបគម្រប់៧២ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋ ឥណ្ឌា។
រដ្ឋធានីញូវដេលីពេញទៅដោយត្រាក់ទ័រដាក់ទង់ជាតិឥណ្ឌានិងទង់សម្ព័ន្ធកសិករឥណ្ឌា។ ក្រុមបាតុករបានស្លៀកពាក់ចម្រុះពណ៌ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi)។
កម្លាំងប៉ូលិសប្រឆាំងបាតុករ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទឹកដើម្បីបំបែកក្រុមបាតុករនៅ ទីតាំងពីរកន្លែងផ្សេងគ្នា ខណៈដែលក្រុមបាតុករព្យាយាមបំបែករបាំងរបស់ប៉ូលិស សម្រុកចូលរដ្ឋធានី ។ កម្លាំងប៉ូលិសយករថយន្តធំៗទៅបិទផ្លូវចូលទីក្រុង ។
មេដឹកនាំក្រុមបាតុករបានឲ្យដឹងថា មានត្រាក់ទ័ររហូតដល់ជាង១ម៉ឺនគ្រឿងដង្ហែក្បួនចូលរដ្ឋធានី ធ្វើបាតុកម្ម។ បាតុកម្មរបស់កសិករឥណ្ឌា ធ្វើឡើងក្រោយពេលរដ្ឋសភាប្រទេសនេះ កាលពីខែកញ្ញាឆ្នាំ២០២០ បានអនុម័តច្បាប់កសិកម្មថ្មីចំនួន៣។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ម៉ូឌី បានបញ្ជាក់ថា ច្បាប់ថ្មីនិឹងជំរុញការផលិតកសិកម្មឱ្យកាន់តែច្រើន ផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋវិញបានបង្ហាញពីក្តីព្រួយបារម្ភពីការធ្វើភាវូបនីយកម្មវិស័យកសិកម្មរបស់រដ្ឋាភិបាល នឹងធ្វើឲ្យប្រាក់ចំណូលពលរដ្ឋធ្លាក់ចុះ ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីម៉ូឌី បានចោទប្រកាន់ក្រុមប្រឆាំងបំផុសការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលក៏បានសម្រេចពន្យារពេលអនុវត្តច្បាប់ ក្នុងរយៈពេល១៨ខែ ។ ប៉ុន្តែពលរដ្ឋមិនយល់ព្រមឡើយគឺទាមទារឲ្យលុបចោល។
វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសឥណ្ឌា ពលរដ្ឋ៥០ភាគរយពឹងផ្អែកទៅលើវិស័យនេះដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែដោយគ្រោះធម្មជាតិ ការបង្កបង្កើនផលមិនមិនបានល្អ ធ្វើឲ្យកសិករឥណ្ឌាជាងពាក់កណ្តាលជំពាក់បំណុល ហើយមានកសិករដល់ទៅជាង២ម៉ឺននាក់ធ្វើអត្តឃាត ក្នុងឆ្នាំ ២០១៨ និង ២០១៩ ៕ ដោយ សាធី
រូបភាព៖ AP