ភ្នំពេញ, បើយោងតាមការបញ្ជាក់អំពីក្រសួងសុខាភិបាល គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ គឺមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន បរិច្ចាគថវិកា ប្រាក់បៀវត្សខ្លួន ជូនដល់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មានចំនួន ១៨ រូបហើយ។
ក្នុងនោះគឺមានបញ្ជីឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បរិច្ចាគថវិកាបៀរវត្សរបស់ខ្លួនដោយស្ម័គ្រចិត្ត និងដោយសុទ្ធចិត្តក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
សកម្មភាពនៃការរួមចំណែកក្នុងកាលៈទេសៈនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ខ្មែរពិតជាមាននូវមហាសាមគ្គីជាតិដ៏រឹងមាំក្នុងយុគសម័យតេជោសន្តិភាព!
សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនមុនគេដំបូងក្នុងដំណាក់កាលទី២នេះ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមក សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។
សម្ដេចបានថ្លែងថា, បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០,០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩,០៩០,០០០រៀល/ខែសរុប៧ខែចំនួន៦៣,៦៣0,០០០រៀល។
សម្ដេចបានមានប្រសាសន៏ទៀតថា, អាស្រ័យដោយកូវីដ១៩បាននិងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។
សម្ដេចបន្តថា, ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច លោក លោកស្រីទាំងស្ថាប័នស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយៈពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕
ដោយ, សុខ ខេមរា