ខេត្តកំពង៉ស្ពឺ៖ យុវជនម្នាក់រងរបួសដោយគ្រាប់កាំភ្លើង២គ្រាប់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីរូបគេយកដុំថ្មប្រុងទៅវាយដណ្តើមយកម៉ូតូពីក្រុមចោរប្លន់ខណៈបងស្រីស្រែកថាកាំភ្លើងជ័រទេ។
ករណីប្លន់នេះកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចទិសខាងត្បូងទល់វត្តទួលសុភី ជាប់ផ្លូជាតិលេខ51 ក្នុងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះនូ រត្ថាអាយុ៣៣ឆ្នាំនៅភូមិទួលពង្រ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ម៉ូតូដែលក្រុមចោរប្លន់យកទៅម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1D-6457។
ប្រភពពីសមត្ថកិច្ចស្រង់សម្តីជនរងគ្រោះថាមុនពេលកើតហេតុរូបគេបានជិះម៉ូតូមកពីធ្វើការនៅរោងចក្រពេលកំពុងជិះបានឃើញម៉ូតូពីរគ្រឿងជិះមុខដែរតែមិនចាប់អារម្មណ៌ថាជាចោរប្លន់ឡើយ។ ស្រាប់តែជិះមកដល់ចំណុចកើតហេតុក្រុមចោរ កៀរឲ្យឈប់ម៉ូតូហើយបានបាញ់គម្រាមពីរគ្រាប់ពេលនោះរូបគេ បានដកសោរពីម៉ូតូហើយរត់គេចចេញព្រោះខ្លាចចោរបាញ់ត្រូវ។ ពេលកើតហេតុនោះដែរបងស្រីរបស់គេឈ្មោះនូ រត្តនះបានស្រែកហៅប្អូនឲ្យមកវិញដើម្បីយកដុំថ្មជួយគប់ពួកចោរដោយបងស្រីស្រែកថា មិនមែនអាវុធ(កាំភ្លើង)មែនទែនទេគ្រាន់ទេ លឺបងស្រីស្រែកដូច្នេះរូបគេបានយកដុំថ្មរត់ចូលសំដៅចូលទៅរកវាយក្រុមចោរទាំង៤នាក់នោះស្រាប់តែក្រុមចោរ បានបាញ់មកលើរូបគេពីរគ្រាប់ទៀតបណ្ដាលឲ្យត្រូវធ្លាយដៃទាំងសង់ខាង ។ ពេលនោះដែរក្រុមចោររកសោរម៉ូតូមិនឃើញពួកវាក៏យកកាំភ្លើងវាយបំបែកក្បាំងម៉ូតូហើយកាត់ខ្សែភ្លើងជិះគេចខ្លួនអស់ទៅ។ ចំណែកជនរងគ្រោះក៏ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានចេញអន្តរាគមន៍ដែរ តែយឺតពេលទៅហើយព្រោះក្រុមចោរបានជិះម៉ូតូរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់៕
ដោយ៖ សេនាស័ក្តិ