ខេត្តឧត្ដរមានជ័យ ៖ លោកអនុសេនីយ៍ត្រី ប៉ាន់ សាម ជាមេភូមិពពេលសែនជ័យ និងជាកងទ័ពនៅកងពលលេខ៤១ផង មានតួនាទីពីរ ស៊ីប្រាក់ខែមេភូមិផង និងយោធាផង។
ហើយកំពុងល្បីថា លោកអនុសេនីយ៍ត្រី ប៉ាន់ សាម បានឃុបឃិតគ្នាជាមួយលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ចុះបញ្ជីនៅលើដីអនុក្រិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល សំរាប់ចែកជូនគ្រួសារកងទ័ព នៅអង្គភាពកងពលតូចថ្មើជើងលេខ៤១ អស់ជាច្រើន ធ្វើជាកម្មសិទ្ធិ និងលក់ទៅអោយឈ្មួញរាប់សិបហិកតា ស្ថិតនៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ប្រភព បានអោយដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះថា មន្រ្ដីយោធានៅអង្គភាពកងពលតូចលេខ៤១ ប្រមាណជាង ៦០០គ្រួសារទៀត មិនទាន់ទទួលបានដីគោលរបបគ្រួសារកងទ័ពនៅឡេីយទេ។
ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រោមបទបញ្ជារបស់ឯកឧត្ដមមេបញ្ជាការកងពលតូចលេខ៤១ បានបញ្ជាក្រុមការងារ យកគ្រឿងចក្រកាយត្រាសសេ ប្រព័ន្ធផ្លូវក្នុងដីអនុក្រិដ្ឋរបស់រាជរដ្ឋាភិបាល លេខ ៨៥ អ ន ក្រ ប ក ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១០ ចំណារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅលើផ្ទៃដី ៨៦០ហិកតា ស្ថិតនៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ សំរាប់ចែកជូនគ្រួសារកងទ័ពកងពលតូចថ្មើរជេីងលេខ៤១ សំរាប់សង់លំនៅដ្ឋាន និងអាស្រ័យផល។ ប៉ុន្តែ ត្រូវបានប្រពន្ធលោកអនុសេនីយ៍ត្រី ប៉ាន់ សាម ជាមេភូមិ ទៅធ្វើការរារាំង និងអះអាងថា ជាដីរបស់ខ្លួន។
សូមបញ្ជាក់ថា គោលរបបរបស់គ្រួសារកងទ័ព ត្រូវទទួលបានក្បាល ៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ។ ក្នុងនោះដែរ លោកអនុសេនីយ៍ត្រី ប៉ាន់ សាម និងគ្រួសារ បានទទួលគោលរបបផ្ទះ និងដី របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចរាល់ហើយដែរ។
ជុំវិញករណីខាងលើ ក្រុមការងារ មិនទាន់ស្វែងរកសុំការបំភ្លឺបានទេ ព្រោះលេខទូស័ព្ទមិនអាចធ្វើការទំនាក់ទំនងបាន ៕ដោយ ៖ ប៉ែន នួន