ខេត្តកណ្ដាល៖ ក្មេងប្រុសជាកម្មករផ្ទះសំណាក់មួយកន្លែងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់សម្លាប់ រួចយកម៉ូតូជនរងគ្រោះ និងម៉ូតូថៅកែម្ចាស់ផ្ទះសំណាក់ចំនួន២គ្រឿងជិះគេចខ្លួនបាត់ស្រមោល។ ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២ ។
ចំណែកជនសង្ស័យមានគ្នា២នាក់មិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់)។ ដោយឡែកវត្ថុតាងដកហូតបានមាន សោកងស្រោបជ័រពណ៌ក្រហមចំនួន១ , កំប៉ុងស្រាបៀរអាន់ឆ័រចំនួន៤កំប៉ុង ផឹកអស់២កំប៉ុងនៅ២កំប៉ុង, សំបកកំប៉ុងទឹកក្រូចកូកាកូឡាចំនួន២កំប៉ុង ។ ចំណែកសម្ភារបាត់បង់មានម៉ូតូម៉ាកហុងដាធុនសេ១២៥ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GP-6929ចំនួន១គ្រឿង, ទូរស័ព្ទ ចំនួន១គ្រឿង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង១៥នាទីជនរងគ្រោះបានចូលមកធ្វើការនៅក្នុងផ្ទះសំណាក់ ៣៦២ដូចសព្វដង។ លុះដល់ម៉ោង១៩និង៣០នាទីម្ចាស់ផ្ទះសំណាក់បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាខាងលើមកទុកនៅមុខបន្ទប់ដេករបស់ខ្លួនដោយចាក់សោ.កនិងយកសោ.កងជ័រពណ៌ក្រហម មកចាក់ជាប់គ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកYAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1HS-5192។ លុះមកដល់វេលាម៉ោង២១និង៣០នាទីម្ចាស់ផ្ទះសំណាក់ក៏នាំគ្នាចូលដេកអស់ ដោយទុកម៉ូតូឲ្យជនរងគ្រោះមើលការខុសត្រូវ។ រហូតដល់ម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០២១ ម្ចាស់ផ្ទះសំណាក់ក៏ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅមើលទៅម៉ូតូរបស់ខ្លួនក៏ស្រាប់តែបាត់មិនឃើញ រួចរកមើលជនរងគ្រោះ ក៏ស្រាប់តែបាត់មិនឃើញដោយនៅតែស្បែកជើងនិងកង្ហា របើកទុកចោល។បន្ទាប់មកម្ចាស់ផ្ទះសំណាក់ក៏ដើររកជនរងគ្រោះមិនឃើញក៏ទៅឆែកកាមេរ៉ា សុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់នៅបន្ទប់លេខ៧ជាអ្នកលួចម៉ូតូ។ក្រោយមកម្ចាស់ផ្ទះសំណាក់ក៏ដើរចូលទៅបើកទ្វារគ្រប់បន្ទប់មិនឃើញជនរងគ្រោះ ដោយបន្ទប់លេខ៧មានជាប់សោក៏ទៅយកកូនសោមកចាក់បើកទ្វារបន្ទប់ស្រាប់តែឃើញមានមនុស្សម្នាក់ដេកនៅលើគ្រែតែម្នាក់ឯងគ្របកន្សែងពោះគោនិងយកខ្នើយដាក់ពីលើមុខ។ ឃើញដូច្នេះម្ចាស់ផ្ទះសំណាក់ក៏ទៅបើកមើលឃើញជនរងគ្រោះត្រូវបានគេសម្លាប់បាត់ទៅហើយ។ ក្រោយមកក៏ផ្អើលឆោឡោ និងរាយការណ៍ទៅសមត្ថកិច្ចក្រុងតាខ្មៅតែម្តង។
បន្ទាប់ពីសមត្ថកិច្ចក្រុងតាខ្មៅទទួលបានព័ត៌មានខាងលើភ្លាម ក៏រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញខេត្តចុះមកពិនិត្យទាំងអស់គ្នា ហើយបានសន្និដ្ឋានថា ករណីខាងលើនេះជាករណីឃាតកម្ម។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវរកមុខជនសង្ស័យទាំង២នាក់យកចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ