វៀតណាម​ ប្រកាសរកឃេីញករណីឆ្លងកូវីដ-១៩ថ្មី ចំនួនពីរករណីក្នុងស្រុក

ចែករំលែក៖

អន្តរជាតិ៖​ ប្រទេសវៀតណាម បន្ទាប់ពីករណីឆ្លងជំងឺកូវីដ–១៩ បានស្ងាប់ស្ងាត់ក្នុងរយៈពេលជិតពីរខែមកនេះ​ ស្រាប់តែនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១នេះ​ អាជ្ញាធរមូលដ្ឋាន​ បានរាយការណ៍ថា​ រកឃេីញករណីឆ្លងជំងឺកូវីដ–១៩ ថ្មីចំនួនពីរនាក់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់វៀតណាម និងស្របពេលកិច្ចប្រជុំដ៏ធំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង។

ជាក់ស្តែង​ នេះជាករណីថ្មីលើកដំបូងក្នុងរយៈពេល៥៥ថ្ងៃចុងក្រោយ​ ខណៈករណីឆ្លងកូវីដ–១៩ ចំនួនពីរត្រូវរកឃើញនៅខេត្ត Hải Dương និង Quảng Ninh ដែលនៅភាគខាងជើងវៀតណាម។

បេីតាមការអះអាងពីលោឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam បន្ទាប់ពីរកឃេីញភ្លាមៗ​ ក៏បានបញ្ជាឱ្យអាជ្ញាធរ និងមន្ត្រីសុខាភិបាលប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីទប់ស្កាត់ការរាលដាលក្នុងរយៈពេល១០ថ្ងៃ។ ខណៈករណីឆ្លងថ្មីនេះអាចពាក់ព័ន្ធជំងឺកូវីដ–១៩ ទម្រង់ថ្មីលោកណែនាំមន្ត្រីទាំងអស់ធ្វើការឱ្យប្រុងប្រយ័ត្នបំផុត។

សូមជម្រាបថា​ នៅខេត្ត Hải Dương អ្នកជំងឺដែលមានលទ្ធផលតេស្តវិជ្ជមាន ជាស្រ្តីវ័យ៣៤ឆ្នាំ ដែលធ្វើការនៅក្រុមហ៊ុនមួយក្នុងខេត្តនេះ។ស្រ្តីរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយស្រ្តីម្នាក់ទៀតដែលមានលទ្ធផលតេស្តវិជ្ជមានពេលទៅដល់ទីក្រុងអូសាកា ប្រទេសជប៉ុន។ បើតាមក្រសួងសុខាភិបាលវៀតណាម ជប៉ុនបានជូនដំណឹងពីការរកឃើញរបស់ខ្លួន ហើយវៀតណាម ក៏រួសរាន់តាមរកអ្នកដែលមានទំនាក់ទំនងជាមួយស្ត្រីរូបនេះ។

បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News បាននិយាយថា​ រីឯករណីថ្មីនៅខេត្ត Quảng Ninh គឺជាបុរសវ័យ៣១ឆ្នាំដែលធ្វើការនៅព្រលានយន្តហោះក្នុងខេត្តនេះ។ ខណៈបុរសរូបនេះ ជាអ្នកសម្របសម្រួលអ្នកដំណើរមានកូវីដ–១៩ ទៅកាន់កន្លែងធ្វើព្យាបាល។

បេីគិតត្រឹមថ្ងៃទី២៨​ មករានេះ ប្រទេសវៀតណាម​ មានករណីឆ្លងសរុបជាង១៥០០នាក់ និងស្លាប់៣៥នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ បើទោះជាករណីថ្មីមានតិចតួចក្ដី អាជ្ញាធរវៀតណាម មិនបានបន្ធូរដៃឡើយ ព្រោះរដូវកាលជួបជុំចូលឆ្នាំនឹងមកដល់ខែក្រោយ។ជាធម្មតា ពលរដ្ឋវៀតណាមតែងជួបជុំគ្រួសារដើម្បីអបអរ ដែលការណ៍ធ្វើឱ្យរដ្ឋាភិបាលកាន់តែបារម្ភពីលទ្ធភាពឆ្លងក្នុងសហគមន៍។ ករណីថ្មីក៏កើតឡើងចំពេលបក្សកុម្មុយនីស្តវៀតណាមរៀបចំសមាជរបស់ខ្លួន។ ជាវិធានការការពារ ម៉ាស់ត្រូវបានពាក់ក្នុងកិច្ចប្រជុំ ខណៈពីរបីថ្ងៃមុនមិនបានតម្រូវឡើយ៕ដោយ៖ស​ តារា

...

រូបភាព៖ឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print