ក្រុមហ៊ុន Apple នៅប្រទេសចិន​ បានផ្លាស់ប្ដូរច្រវ៉ាក់ផលិតកម្មទៅកាន់ប្រទេសឥណ្ឌា​ និងវៀតណាមវិញ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះបានចុះផ្សាយថាក្រុមហ៊ុន Apple នៅប្រទេសចិនបានផ្លាស់ប្ដូរច្ររវ៉ាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមវិញ។ ចំពោះការប្ដូរនេះគឺដើម្បីគេចចេញពីបញ្ហា និងជម្លោះតានតឹងរវាងចិននិងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្ដើមច្រវ៉ាក់ផលិតកម្មរបស់ខ្លួនក្នុងការផលិត iPhone 12 នៅក្នុងត្រីមាសនេះ ខណៈដែលរោងចក្រនៅក្នុងប្រទេសវៀតណាមវិញ នឹង ចាប់ផ្ដើមផលិត iPad និងHomePod mini ក្នុងពេលឆាប់ៗខាងមុខនេះ។

ទាក់ទិននឹងបញ្ហានេះដែរប្រភពជាច្រើនបានអះអាងថា មែនទែនទៅក្រុមហ៊ុន Apple បានបង្កើតច្រវ៉ាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ជាយូរមកហើយដោយក្នុងនោះរោងចក្រនៅវៀតណាម ទទួលផលិតឧបករណ៍ Smart Speaker ប៉ុន្តែមិនសូវមានតម្រូវការពីអតិថិជន។ ប៉ុន្តែនៅពេលនេះ Apple ចាប់ផ្ដើមវាយលុកទីផ្សារផលិតផលមួយនេះ និងបានបង្រីកបន្ថែមទៅលើ ការផលិត AirPod រួមជាមួយនឹង MacBook ថែមទៀតផង។

ដោយឡែកក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple បានបោះទុនវិនិយោគប្រមាណ ២៧០លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីមួយនៅក្នុងប្រទេសវៀតណាម ដើម្បីពង្រីកច្រវ៉ាក់ផលិតកម្ម ហើយក៏ត្រូវបានគេសង្ស័យថា ការបោះទុនវិនិយោគក្នុងប្រទេសវៀតណាមនេះ ក៏អាចជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Apple ព្រោះអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងមកលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងការនាំយកឧបករណ៍បច្ចេកវិទ្យាដែលផលិតនៅក្នុងប្រទេសចិន។

គួរជម្រាបថា នៅក្នុងអណត្តិរបស់លោកដូណាល់ ត្រាំ ជាប្រធានាធីបតីបានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានប្ដូររោងចក្រចេញពីប្រទេសចិន ដូចជា៖ Samsung ជាដើម បានបិទរោងចក្រនៅក្នុងប្រទេសចិនទាំងអស់ ដោយបានទៅបង្កើតរោងចក្រថ្មីនៅវៀតណាម និងឥណ្ឌា ព្រោះតែទទួលរងសម្ពាធពីសហរដ្ឋអាមេរិក៕ដោយ៖សតារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print