លោក ង្វៀន ភូ​ជុង ត្រូវបក្ស​កុម្មុយនីស្ត​វៀតណាម​ជ្រើសតាំង​ឲ្យឈរឈ្មោះ​បោះឆ្នោត​ប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស​អាណត្តិ​ទី​៣​

ចែករំលែក៖

អន្តរជាតិ៖​ បេក្ខភាពលោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​វៀតណាម​ ត្រូវបាន​ចាត់ទុកថា៖​ ជាករណី​ពិសេសមួយសម្រាប់ប្រទេសវៀតណាម​ ខណៈដែលលោក​ ត្រូវបាន​បក្ស​កុម្មុយនីស្ត​វៀតណាម​ជ្រើសតាំង​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស​សម្រាប់​អាណត្តិ​ទី​៣​។ ជាក់ស្តែងការជ្រើសតាំង​លោក ង្វៀន ភូ​ជុង ឱ្យ​ឈរឈ្មោះ​អាណត្តិ​ទី​៣ ជា​រឿង​ដ៏​កម្រ ព្រោះ​វិន័យ​បក្ស​ហាម​មិនឱ្យ​បុគ្គល​ណា​កាន់តំណែង​នេះ​លើសពី​ពីរ​អាណត្តិ​នោះឡេីយ។

បច្ចុប្បន្នលោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​បក្ស​ ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​អាណត្តិ​ទី​បី​។ បេក្ខភាព​របស់លោក ង្វៀន មានវ័យ​៧៦​ឆ្នាំ ត្រូវ​បានកំណត់​អំឡុងពេល​កិច្ចប្រជុំ​គណៈ​មជ្ឈិមបក្ស​នៃ​សមាជ​ទី​១២ ។

បេីតាមលោក Hau A Lenh អគ្គលេខាធិការ​នៃ​រណសិរ្ស​មាតុភូមិ​វៀតណាម​ បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​វៀតណាម Tien Phong យ៉ាងដូច្នេះថា៖«​លោក​អគ្គលេខាធិការ​ប​ក្ស និង​ប្រធានាធិបតី ង្វៀន ភូ​ជុង បើទោះបី​ជាមាន​វ័យ​ច្រើនជាង​អាយុ​កំណត់​មែន ត្រូវបាន​ជ្រើសតាំង​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខជន​ពិសេស​»​។​

​សូមជម្រាបថា​ សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែមករា ដោយ​នឹង​ចំណាយពេល​៨​ថ្ងៃ ក្នុងការ​ជ្រើសរើស​អគ្គ​លេខាធិការ​បក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធានសភា​។ បន្ថែម​ពីនេះ​សមាជ​ ​នឹង​សម្រេច​លើ​គោលនយោបាយ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការតម្រង់ទិស​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ​២០៤៥​។​

បើ​យោងតាម​ធម្មនុញ្ញ​បក្ស​កុម្មុយនីស្ត​វៀតណាម បេក្ខភាព​សមាជិក​គណៈ​មជ្ឈិម ត្រូវមាន​អាយុ​ក្រោម​៦០​ឆ្នាំ ឯ​បេក្ខភាព​សមាជិក​ការិយាល័យ​នយោបាយ ត្រូវមាន​អាយុ​ក្រោម​៦៥​ឆ្នាំ ទើប​អាច​ឈរឈ្មោះ​បាន​។ ចំណែកនៅ​ថ្ងៃទី​២២ ខែមករាកន្លងទៅ លោក Mai Van Chinh អនុប្រធាន​គណៈ​ចាត់តាំង​នៃ​គណៈ​មជ្ឈិមបក្ស​និយាយថា សមាជ​បក្ស​លើក​ទី​១៣ នឹង​ពិនិត្យ​លើ​ការកំណត់​នេះ​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​។​

​បើមែនទែនទៅលោក ង្វៀន ភូ​ជុង ពុំ​សូវ​ជាមាន​សុខភាព​ល្អ​ប៉ុន្មាន​ឡើយ​។ ខណៈលោក​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស តាំងពី​ឆ្នាំ​២០១០ហើយ​នៅ​ឆ្នាំ​២០១៨ លោក​ទទួល​តំណែង​ជា​ប្រធានាធិបតី​។ លោក​ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​ជួរ​បក្ស​ដោយ​គោលនយោបាយ​ប្រឆាំង​អំពើពុករលួយ​។ យ៉ាងណាមិញ ក្នុង​កិច្ចប្រជុំ​ត្រៀម​កាលពីដើម​ខែមករា គណៈ​មជ្ឈិមបក្ស​យល់ថា លោក ង្វៀននៅតែមាន​លទ្ធភាព​ដឹកនាំ​បក្ស​ដដែល​។​

​ដោយឡែកចំពោះការជ្រើសរើស​ថ្នាក់ដឹកនាំ​វៀតណាម​ត្រូវធ្វើឡើង​ដោយ​សម្ងាត់ និង​តាមរយៈ​ការមូល​មតិ​គ្នា​ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​កំពូល​ទាំង​៤ ក៏ដូចជា​សមាជិក​ការិយាល័យ​នយោបាយ​ផងដែរ​។ ដោយសារតែ​ការជ្រើសរើស​នេះ ធ្វើឡើង​ដោយ​សម្ងាត់និង​មាន​សម្បទាន​ទៅវិញទៅមក​នេះហើយ ទើប​មាន​ករណី​លើកលែង​ដូចជា​បញ្ហា​អាយុ សុខភាព និង​ចំនួន​អាណត្តិ​ជាដើម​។​

​លោក ង្វៀន ភូ​ជុង ការ​តែ​តាំង​ឱ្យ​ឈរឈ្មោះ​ជា​អគ្គលេខាធិការ​បក្ស​អាណត្តិ​ទី​៣ មិន​ខុស​អ្វី​ពី​ឯកសារ​ដែល​បាន​បែកធ្លាយ និង​ចែកចាយ​លើ​បណ្តាញ​សង្គម​តាំងតែ​ពីថ្ងៃ​ទី​២១ ខែមករា ឡើយ​។ ឯកសារ​ដែល​បែកធ្លាយ​នេះ​បង្ហាញថា លោក ង្វៀន ភូ​ជុង បន្ត​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស ចំណែក​លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុ​ក នឹង​កាន់តំណែង​ប្រធានាធិបតី​វៀតណាម​វិញ​។

​គួរបញ្ជាក់ថា​ ចំណែកតំណែង​ប្រធានសភា​វិញ បាន​ទៅ​លោក Vuong Dinh Hue អតីត​ឧបនាយករដ្ឋមន្ត្រី និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដែល​បច្ចុប្បន្ន​ជា​លេខា​បក្ស​ក្រុង​ហាណូយ ខណៈ​តំណែង​នាយករដ្ឋមន្ត្រី​បាន​ទៅ​លោក​Pham Minh Chinh ប្រធាន​គណៈ​ចាត់តាំង​បក្ស​កុម្មុយនីស្ត​វៀតណាម​។ ក្រៅពី​តំណែង​កំពូល​ទាំង​៤ សមាជ​ក៏​ជ្រើសរើស​សមាជិក​គណៈ​មជ្ឈិម​២០០​រូប ដែល​១៨០​រូប​ជា​សមាជិក​ពេញសិទ្ធិនិង​២០​រូប​ជា​សមាជិក​បម្រុង​៕ដោយ៖ស​ តារា

លោក​ ង្វៀន ភូ​ជុង​ អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​វៀតណាម​

...

រូបភាព៖ឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print