ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក ឡុង វណ្ណាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុរសម្នាក់ឈ្មោះ គាំ ស៊ីថន អាយុ៤២ឆ្នាំ ដាក់ពន្ធនាគារព្រៃសរ បន្ទាប់ពីស្រវឹងស្រា បានបើករថយន្តបុកស្រីស្អាតម្នាក់ស្លាប់ ខណៈដែលសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ នាងនឹងត្រូវចូលរោងការ។
ជាក់ស្តែងជនត្រូវចោទ គាំ ស៊ីថន ត្រូវបានតំណាងអយ្យការលោក សាយ ណូរ៉ា ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហេសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ» តាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ញត្តិមាត្រា៤៤មាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ តាមបទល្មើសនេះ រូបគេ អាចប្រឈមនឹងការជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំផងដែរ។
គួររម្លឹកដែរថា កាលពីវេលាម៉ោង០៨យប់ ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខបុរីប៉េងហួត ខាងកើតច្រមុះជ្រូកស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងដោយបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកអាល់ហ្វាត ក្នុងសភាពស្រវឹងស្រាមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូនារីម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវ១៨ ក្នុងបុរីពិភពថ្មី ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាកស្កុតពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166។ បើតាមការអះអាងពីក្រុមគ្រួសារសាច់ញាតិ បានដឹងថា នៅខ្វះតែ១០ថ្ងៃទៀតនារីរងគ្រោះ នឹងចូលរោងការហើយមុនកើតហេតុ គឺស្ត្រីរងគ្រោះខាងលើបានចេញពីផ្ទះក្នុងគោលបំណងទៅជួបគូរដណ្ដឹងតែកម្ម អកុសលមកជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បែបនេះទៅវិញ
ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាលមានឈ្មោះ ហុឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ ជិម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939។
ចំណែករថយន្តបង្កម៉ាកអាល់ហ្វាតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ-2004 ដែលអ្នកបើកបររថយន្តបង្កមានឈ្មោះ គួង សុីថន ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងរថយន្ត រងគ្រោះ២គ្រឿងទៀតទីមួយម៉ាកម៉ាស្តា និងរថយន្តកាមរីឆ្លាម។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តអាល់ហ្វាតមួយគ្រឿងបើកបរដោយបុរសម្នាក់ស្រវឹងស្រា តាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចមុខវត្តសំបូរមាស ក៏បានប៉ះជាមួយនឹងរថយន្ត ម៉ាស្តាមួយគ្រឿង ហើយក៏ព្យាយាមបើករត់យ៉ាងលឿនទៅប៉ះជាមួយនឹងរថយន្តកាមរីឆ្លាមមួយគ្រឿងទៀត បើករត់បន្តទៀត។ ខណៈនោះរថយន្តកាមរីឆ្លាមក៏បានដេញតាមពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើក៏បានបុករះជាមួយនឹងម៉ូតូ២គ្រឿងបន្ថែមទៀត បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ រងរបួសរលាត់ដៃរលាត់ជើង។
ក្រោយកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ និងចាប់អ្នកបើកបររថយន្តបង្កទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីប្រគល់ឱ្យជំនាញបន្តចាត់ការតាមនីតិវិធីនៃច្បាប់៕ដោយ៖សហការី