បន្ទាប់ពីថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន…បានរកឃើញករណីឆ្លងកើនឡើងខ្ពស់ នៅពេលនេះ ប្រទេសវៀតណាមក៏បានរកឃើញ វិជ្ជមានកូវីដ១៩៨២នាក់បន្ថែមទៀត ក្នុងថ្ងៃទី២៨ខែមករា នេះ ក្នុងនោះមាន៧២នាក់ស្ថិតនៅខេត្ត ហាយ យឿង (Hai Duong)។ អ្នកឆ្លងទាំងអស់គឺចាប់ពាក់ព័ន្ធនិង អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ដែលទើបរកឃើញ គឺអ្នកជំងឺ ទី ១៥៥២ និង ១៥៥៣។
ការរកឃើញថ្មីយ៉ាងច្រើននេះបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការផ្ទុះកូវីដ ១៩ ជាថ្មីក្រោយរយៈពេល ៥៥ថ្ងៃ មិនមានករណីឆ្លងក្នុងសហគមន៍។ នាយករដ្ឋមន្ត្រីង្វៀងសឹងភុក បានជំរុញឲ្យចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពបំផុត ។
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើទាំង ៨២នាក់ មាន ៧២នាក់ បម្រើការងារនៅឯក្រុមហ៊ុនអេឡិចត្រូនិក Vietnam Poyun Electronics Co., Ltd. ស្ថិតនៅក្នុងខេត្ត ហាយ យឿង (Hai Duong) និង ១០នាក់ផ្សេងទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិ វាំង ដូង (Van Don International Airport) ក្នុងខេត្ត ក្វាងនិញ (Quang Ninh) ដែលសុទ្ធសឹងជាខេត្ត ស្ថិតនៅភាគខាងជើងវៀតណាមដូចគ្នា។
ក្រសួងសុខាភិបាលវៀតណាមបានបន្ថែមទៀតថា អ្នកឆ្លងថ្មីៗទាំង ៨២នាក់នេះ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកឆ្លង កូវីដ១៩ ចំនួន ០២នាក់ ដែលត្រូវបានរាយការណ៍ កាលពីព្រឹកថ្ងៃ២៨ខែមករានេះ ហើយសុទ្ធតែជាករណីឆ្លងក្នុងស្រុកលើកដំបូង។ ក្នុងចំណោមអ្នកឆ្លងគឺមាន ១ករណីជាប្រភេទវីរុសទម្រង់ថ្មីមានប្រភពមកពីអង់គ្លេស៕