សារព័ត៌មានFinancial Times នៅថ្ងៃទី ២៨ខែមករា បានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចពន្យាពេលអនុវត្តច្បាប់ហាមប្រាម ជនជាតិអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន ដែនសង្ស័យជាប់ពាក់ទ័ន្ធកម្លាំងយោធាចិន។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថាពេលវេលាដែល ក្រុមអ្នកវិនិយោគអាមេរិកត្រូវផ្អាករកស៊ីជាមួយចិន គឺត្រូវបានព្យាពេលដល់ថ្ងៃទី២៧ខែឧសភា ហើយនឹងដកដើមទុនចេញពីក្រុមហ៊ុនចិន នៅខែវិច្ឆិកាឆ្នាំ២០២១។
អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីខែវិច្ឆិកាឆ្នាំ ២០២០ បានអនុម័តច្បាប់ហាមប្រាមវិនិយោគទៅលើក្រុមហ៊ុនចិនដែលមាននៅក្នុងបញ្ជីខ្មៅ ដោយអាមេរិកចោទថាក្រុមហ៊ុនទាំងនោះ បម្រើដល់វិស័យយោធារបស់ចិន ជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
តាមច្បាប់ហាមប្រាមរបស់អតីតប្រធានាធិបតីអាមេរិក គឺពលរដ្ឋអាមេរិក ត្រូវឈប់រកស៊ីជាមួយក្រុមហ៊ុនចិន ចាប់ពីថ្ងៃទី ១១ខែមករាឆ្នាំ២០២១។ ចំណែកក្រុមហ៊ុនដែលមានដើមទុនជាមួយក្រុមហ៊ុនចិនគឺត្រូវដកចេញវិញយ៉ាងយូនៅក្នុងវិច្ឆិកាឆ្នាំ២០២១។
តាមសារព័ត៌មាន Financial Times ការពន្យាពេល ខាងលើ នឹងជួយដល់រដ្ឋាភីបាលរបស់ប្រធានាធិបតីបៃឌិន មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំគោលនយោបាយជាថ្មី ជាមួយប្រទេសចិន ។ លោកបៃឌិននឹងប្រែក្រឡាស់ច្បាប់មួយចំនួនដែលលោកត្រាំបានអនុម័តទៅលើប្រទេសចិន។
បញ្ជីឈ្មោះក្រុមហ៊ុនចិនស្ថិតនៅក្នុង បញ្ជីខ្មៅរបស់អាមេរិកមាន៤៤ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនផលិតឈីប SMIC ៕
រូបភាព៖Bloomberg