ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០គ្រួសារដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះដែរ លោកប្រធានអនុសាខា ក៏បានអំពាវនាវបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំយកចិត្ត ទុកដាក់ថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវសម្អាតបរិស្ថាននៅជុំវិញផ្ទះជាដើម ។ លើសពីនេះទៅទៀត លោក ថេង សុថុល សូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ធ្វើឱ្យប្រជាជននៅលើសកលលោកក៏ដូចជាប្រទេសកម្ពុជាមានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយសង្កេតឃើញថា រដូវនេះជារដូវរំហើយ លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទៀន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀសវាងកុំដាក់ដាំបាយ ដាំទឹកទុកចោលជាដើម ។ ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុម ការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា ។
ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានផ្ដល់ជូននូវអំណោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអុីវ, ត្រីខ, មី, ក្រមា, ម៉ាស់ និងថវិកាចំនួន ២០.០០០រៀលផងដែរ ៕ ដោយ ជីណា