អាជ្ញាធរកម្ពុជា​ ជួយអន្តរាគមន៍​សង្គ្រោះ​ស្រ្តីខ្មែរ​ម្នាក់​ ​រៀបការប្តី​ចិន​ ដែលចាប់បង្ខាំង​បិទ​សិទ្ធិ​សេរីភាព​ ​ឲ្យត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ

ចែករំលែក៖

ភ្នំពេញ៖​ អាជ្ញាធ​កម្ពុជា សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ចិន បានធ្វេីអន្តរាគមន៍​ជួយ​សង្គ្រោះ​ ស្រ្តីខ្មែរ​ម្នាក់ ដែល​បាន​រៀប​ការ​ប្តី​ជនជាតិ​ចិន ហើយ​ត្រូវ​បាន​គេ​បង្ខាំង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ ឯ​ប្រទេស​ចិន​នោះ ត្រូវ​​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ។

បើតាមប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោកឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល​បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា នាង​ត្រូវ​បាន​មេខ្យល់​ឆបោក ឲ្យ​ទៅ​រៀប​ការ​ជាមួយ​ប្ដី​ជនជាតិ​ចិន ហើយ​ត្រូវ​បាន​គេ​បង្ខាំង បិទ​សេរីភាព​ក្នុង​ការ​រស់នៅ និង​បាន​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​អន្តរាគមន៍ នាំ​មក​ប្រទេស​កម្ពុជា​នោះ ត្រូវ​បាន​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ ប៉ុន្តែ​រូប​នាង​កំពុង​តែ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល់​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំ​ពេ​ញុ ។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​មួយ ដោយ​បាន​សរសេរ​ខ្លឹមសារ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ពុំ​មាន​សេរីភាព​ក្នុង​ការ​រស់នៅ បន្ទាប់​ពី​ចាញ់បោក​មេខ្យល់​រៀប​ការ​ប្ដី​ជនជាតិ​ចិន និង​ទ​ទួ​ច​សំណូមពរ​ឲ្យ​អាជ្ញាធរ​កម្ពុជា​អន្តរាគមន៍​ជួយ​សង្គ្រោះ​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ។ ក្នុង​ខ្លឹមសារ​សំ​ណេ​រ​បញ្ជាក់​ថា នារី​រង​គ្រោះ​មានឈ្មោះ ធួ​ក សុ​ភី អាយុ ២០​ឆ្នាំ នៅ​ភូមិ​ឃ្សឹ​ប​ក្រៅ ឃុំ​ឃ្សឹ​ប​ក្រៅ ស្រុក​ស្នួល ខេត្តក្រចេះ ។

អនុវត្ត​តាម​ផែនការ​ងារ​ជំនាញ ទើប​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃើញ​សាច់ញាតិ និង​សាកសួរ​ព័ត៌មាន​លម្អិត ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​មេខ្យល់ ព្រមទាំង​បាន​ស្រប​សម្រួល ឲ្យ​ម្ដាយ​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ មួយ​ផ្នែក​ទៀត នាយកដ្ឋាន​បាន​សហការ​ជាមួយ​ក្រុម​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​តម្រុយ និង​ទីកន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ​ខាងលើ ដើម្បី​មាន​មូលដ្ឋាន​ពិតប្រាកដ ក្នុង​ការ​អនុវត្ត​នីតិវិធី​អន្តរាគមន៍​សង្គ្រោះ ។

ជាក់ស្តែងមន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជូន​ព័ត៌មាន​បន្ថែម​ទៀត រួម​មាន​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អាសយដ្ឋាន អត្តសញ្ញាណ​បណ្ណ​ប្ដី​ជនជាតិ​ចិន ឲ្យ​ទៅ​ក្រុមការងារ​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ​សង្គ្រោះ ទើប​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្តរជាតិ​បាន​ឆ្លើយ​តប​ថា បាន​រក​ឃើញ​នារី​រង​គ្រោះ នៅ​ខេត្ត​ហឺ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ជួយ​សង្គ្រោះ ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត ។

លោកប្រធាន​នាយកដ្ឋាន​ សូម​ឲ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ មេត្តា​យោគយល់​អធ្យាស្រ័យ ចំពោះ​ភាពយឺត​យ៉ាវ នៃ​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​នារី​រង​គ្រោះ​មក​កម្ពុជា​វិញ ហើយ​ភាពយឺត​យ៉ាវ​នេះ បណ្តាល​មក​ពី​អាជ្ញាធរ​កម្ពុជា ត្រូវ​ពេលវេលា​ស្វែងរក​អង្គការ​សម្ព័ន្ធ​ចាប់ដៃ ដើម្បី​ជួយ​គាំទ្រ​រាប់​រង​លើ​ការ​ចំណាយ​ផ្សេង​ៗ (​ស្នាក់​នៅ អាហា​ហូប​ចុក និង​ថ្លៃ​សំបុត្រ​យន្តហោះ​ជាដើម​) រួម​ជាមួយនឹង​ការ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក នៅ​ប្រទេស​ទាំង​ពីរ​ចិន​ផង ។ បន្ទាប់​ពី​បញ្ចប់​ការ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក សមត្ថកិច្ច​នឹង​អញ្ជើញ​ជន​រង​គ្រោះ មក​សួរនាំ​ស្វែងរក​ព័ត៌មាន​បន្ថែម ដើម្បី​ឈាង​ដល់​អនុវត្ត​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដែល​ជា​មេខ្យល់ ចាត់ការ​តាម​ច្បាប់ ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្នុង​នាម​នាយកដ្ឋាន​ជំនាញ សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​អាជ្ញាធរ​ចិន និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រួមចំណែក​លើ​ការងារ​នេះ ពិសេស​សូម​អរគុណ​ចំពោះ​សាធារណជន អ្នក​សារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​តែងតែ​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ស្វែងរក​យុត្តិធម៌​សង្គម​ខ្មែរ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print