ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានអញ្ជើញចុះពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងមក ដើម្បីវាយតម្លៃ និងធ្វើការជួសជុលស្ដារឡើងវិញ ។
សូមបញ្ជាក់ជូនថា ៖ ក្នុងកំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២០ ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលទទួលរងនូវផលប៉ះពាល់ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ។ ជំនន់នេះ កើតឡើងដោយសារជំនន់ស្ទឹងមង្គលបុរីផង ជំនន់ទឹកភ្លៀងដែលបានធ្លាក់ជោគជាំនៅក្នុងខេត្តផង និងជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃផង ។ ស្ថានភាពជប់ទឹកជំនន់ទាំងនេះ បានបង្កឲ្យមានការខូចខាត និងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង ក៏ត្រូវបានទទួលរងនូវការខូចខាតផងដែរ ។
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យក្រុមការងារគម្រោងកម្មវិធី Wat4Cam ចុះពិនិត្យ និងវាយតម្លៃ ដើម្បីធ្វើការជួសជុលស្ដារឡើងវិញជាបន្ទាន់នៅប្រព័ន្ធធារាសាស្រ្តចំនួន ០៧កន្លែង រួមមាន ៖ ទំនប់តាឆាយ ទំនប់អន្លុងរុត អាងទឹកប្រាសាទប្រាំ ទំនប់អន្លុងគ្រុឌ … ។ ការងារជួសជុលស្ដារឡើងវិញនេះ គ្រោងនឹងចាប់ដំណើរការនៅក្នុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ៕