ខេត្តរតនគិរី៖ ដោយសារអំណាចទឹកលុយម្ចាស់ហាងកាហ្វេម្នាក់ដែលគេដឹងថាជាជនជាតិវៀតណាមមានបង្កប់សេវាផ្លូវភេទត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ម្ចាស់ហាងកាហ្វេបង្កប់សេវាផ្លូវភេទមានឈ្មោះ ង្វៀង ធីថាញ់ម៉ាយ ជនជាតិវៀតណាមមានទីតាំងស្តិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្បែរសាលាស្រុកអូរយ៉ាដាវ ។ ដោយមានស្រ្តីជនជាតិវៀតណាមវ័យក្មេងៗប្រមាណ៥-៦នាក់ជាអ្នករត់តុលក់កាហ្វេបង្កប់ផ្លូវភេទដោយកាហ្វេមួយកែវតម្លៃ២០០០រៀល ហើយបើចង់ឡើងឋានសួគ៌តម្លៃ១៥ ទៅ២០ដុល្លារ។
ហាងកាហ្វេនេះទៀតសោតចាប់បើកលក់កាហ្វេ និងបង្កប់សេវាផ្លូវភេទប្រមាណ៣-៤ឆ្នាំកន្លងមកហើយដោយមានការឃុបឃិតជាមួយអាជ្ញាធរដែនដីរហូតដល់ថ្នាក់លើទើបអាចដំណើរការដោយរលូនបែបនេះ។
ជាមួយគ្នានឹងសកម្មភាពហាងកាហ្វេបង្កប់សេវាផ្លូវភេទដែលមានម្ចាស់ឈ្មោះង្វៀង ធីថាញ់ម៉ាយ ជាជនជាតិវៀតណាមនេះដែរប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវបានធ្វើការរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរដែនដី និងសំណូមពរអោយសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធថ្នាក់លើមេត្តាចាត់វិធានការតាមផ្លូវច្បាប់ព្រោះវាប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាពិសេសស្ត្រីខ្មែរនៅក្នុងស្រុកអូរយ៉ាដាវនេះទាំងមូលផងដែរ។
ទាក់ទិនទៅនឹងការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មឲ្យហាងកាហ្វេបង្កប់សេវាផ្លូវភេទនៅស្រុកអូរយ៉ាដាវនេះដែរ មិនអាចសុំការបំភ្លឺពីលោក ភូ ធាឡុំ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីបានទេ នៅរសៀលថ្ងៃទី២៥ខែកុម្ភៈនេះ ដោយពុំមានលេខទូរស័ព្ទទាក់ទង។
ដោយឡែកលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានប្រាប់កន្លងទៅនេះថា មានអ្នកធំកាងនៅពីក្រោយខ្នងគាត់ពិបាកនឹងបង្ក្រាបណាស់៕
ដោយ៖ វុទ្ធ ឦសាន្ត