ខេត្តកណ្តាល៖ ទំនងជាខឹងប្តីដែលបានចាកចោលផ្ទះជាង៦ឆ្នាំនោះហើយ ទើប ប្រពន្ធដើមបានប្តឹងមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឱ្យចាប់ខ្លួនប្តីដាក់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរដោយមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ ។
ករណីនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនប្តីទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមផ្តន្ទាទោសបុរសជាប្តី នេះដាក់ពន្ធនាគារ៤ខែ គិតពីថ្ងៃឃុំខ្លួន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយមិនមានការព្យួរទោសឡើយ ។
ជនជាប់ចោទមានឈ្មោះ បាន សារ៉េត អាយុ៦២ឆ្នាំ មុខរបរគួកជេដី មានទីកន្លែងកំណើតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្នភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឈ្មោះ បាន សារ៉េត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ខ្លួនដល់ផ្ទះតែម្តង នាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកជិតខាងក្នុងបុរីពិភពថ្មី ក្រុងតាខ្មៅ ។
ជនសង្ស័យ បាន សារ៉េត ជាប់ចោទពីបទ អំពើផិត តាមមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ។
សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់។ ក្រោយមក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន និងកំណត់ថ្ងៃសវនាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។
លុះដល់ថ្ងៃកំណត់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយការសួរដេញដោល និងការសន្និដ្ឋានរបស់តំណាងអយ្យការ , លោកស្រីចៅក្រម ហេង ផល្លា បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ បាន សារ៉េត ដាក់ពន្ធនាគាររយៈពេល៤ខែ ដោយគ្មានការព្យួរទោសឡើយ ។
យោងតាមលិខិតបញ្ជាក់សុខភាព បង្ហាញថា ឈ្មោះ បាន សារ៉េត មានអាការជំងឺ ដូចជា ទឹកនោមផ្អែម , លើសសម្ពាធឈាម , ចុកពោះ និងធ្លាប់មានប្រវត្តិវះកាត់ប្រមាត់ចេញ ។
តាមការបញ្ជាក់ពីជនជាប់ចោទ គឺគាត់នឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតដើម្បីរកយុត្តិធម៌ ខណៈដែលលោកបានចាកចោលផ្ទះជាង៦ឆ្នាំមកហើយ និង មិនមែនជាបទល្មើសជាក់ស្តែងនោះទេ ស្រាប់តែមានការឃាត់ខ្លួនទាំងលោកនៅមានជំងឺធ្ងន់ធ្ងរ ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អង្គភាព “នគរដ្រេហ្គន”តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ ធ្វើអ្វីៗក្នុងដែនកំណត់របស់ខ្លួន ពិសេសបុរសខាងលើនោះ គាត់មិនបានគិតគួរពីក្រុមគ្រួសារ ចាកចេញពីផ្ទះ មានអ្នកថ្មី ទើបមានបណ្តឹង៕