ភ្នំពេញ, រថយន្ត ម៉ាក NISSAN NAVARA ចំនួន០១គ្រឿង ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧបត្ថម្ភ ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារ ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើឡើង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានបញ្ជូនសារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ជាការ និងវរសេនីយ៍ឯក កែវ សាវ៉េត ជានាយរងការិយាល័យបច្ចេកទេស នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវកម្ម ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។
ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់កងទ័ព តាមរយៈការផ្តល់នូវ ថវិកា សម្ភារះប្រើប្រាស់ ក៏ដូចជាជួយសាងសង់អាគារ ជំរំជម្រកស្នាក់នៅ ជាក់ស្តែងនៅថ្ងៃនេះបានឧបត្ថម្ភ រថយន្តមួយគ្រឿងដល់អង្គភាពដើម្បីយកទៅប្រើប្រាស់ និងសម្រួលដល់ចរន្តការងារជាទូទៅនៅក្នុងអង្គភាព៕
ដោយ, សិលា